(ញូយ៉ក)៖ ចិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានទាត់ចោលផែនការរបស់សហរដ្ឋអាមេរិក ដែលចង់បន្តសុពលភាពដាក់ទណ្ឌកម្មអាវុធ ក្រោមក្របខណ្ឌ អង្គការសហប្រជាជាតិ ប្រឆាំងនឹងអុីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០។
មុនការជំទាស់ពីចិន សហរដ្ឋអាមេរិក បានព្រមានថា បើសិនជាការអូសបន្លាយពេលដាក់ទណ្ឌកម្មអាវុធលើអុីរ៉ង់ ទទួលបរាជ័យ នោះទីក្រុងវ៉ាស៊ីនតោន អាចនឹង ដាក់ទណ្ឌកម្មទាំងអស់ឡើងវិញជាលក្ខណៈឯកតោភាគីលើទីក្រុងតេហេរ៉ង់។ យ៉ាងណាក៏ដោយ បេសកកម្មចិនប្រចាំអង្គការសហប្រជាជាតិ បានទាត់ចោល ផែនការនេះ ជាមួយការបញ្ជាក់ថា ការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ ឆ្នាំ២០១៥ បានបង្ហាញថាសហរដ្ឋអាមេរិក បានបរាជ័យក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ក្រោមដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខលេខ ២០១៥ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ។
បេសកកម្មចិន បានបន្ថែមនៅក្នុងសារមួយបង្ហោះលើ Twitter ថាសហរដ្ឋអាមេរិក គ្មានសិទ្ធិបន្តសុភាពដាក់ទណ្ឌកម្មអាវុធលើអុីរ៉ង់នោះទេ ហើយការថែរក្សា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ គឺជាមធ្យោបាយត្រឹមត្រូវតែមួយគត់។ នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ឆ្នាំ២០១៥ ត្រូវបានបង្កើតឡើងរវាងប្រទេស មហាអំណាច ៥+១ ជាមួយអុីរ៉ង់ ទណ្ឌកម្មអាវុធរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងអុីរ៉ង់ នឹងត្រូវអស់សុពលភាពនៅខែតុលា ឆ្នាំ២០២០នេះ។ មហាអំណាច ទាំងនោះ រួមមានសហរដ្ឋអាមេរិក ដែលបានដកខ្លួនចេញ, ចិន, បារាំង, អង់គ្លេស, រុស្ស៊ី និងអាល្លឺម៉ង់។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានព្រាងដំណោះស្រាយបន្តសុពលភាពដាក់ទណ្ឌកម្មអាវុធលើអុីរ៉ង់រួចរាល់ហើយ។ តែដំណោះស្រាយនេះ ចាំបាច់ត្រូវការការគំាទ្រ ពីប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន៩ និងមិនមានការបោះឆ្នោតវ៉េតូណាមួយ ពីសំណាក់ប្រទេសជាសមាជិកអចិន្ត្រៃយ៍ដូចជា ចិន សហរដ្ឋអាមេរិក បារាំង អង់គ្លេស និងរុស្ស៊ី។ តែក្រៅពីចិន រុស្ស៊ីក៏បានបង្ហាញពីគោលជំហរបោះឆ្នោតវ៉េតូ ប្រឆាំងនឹងដំណោះស្រាយនេះដែរ៕