(វ៉ាស៊ីនតោន)៖ អាជ្ញាធរសុខាភិបាលអាមេរិក បានចេញសារព្រមានពីរោគសញ្ញាដ៏កម្រមួយ កើតឡើងលើកុមារ ដែលគេជឿជាក់ថាអាចមានជាប់ពាក់ព័ន្ធនឹង COVID-19 ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០។
នៅក្នុងសារព្រមានរបស់ខ្លួនចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) មជ្ឈមណ្ឌលអាមេរិកសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) បានគូសបញ្ជាក់ដូច្នេះថា៖ «មន្ត្រីសុខាភិបាលទាំងអស់ដែលបានថែទាំ ឬកំពុងថែទាំអ្នកជំងឺមានអាយុតិចជាង២១ឆ្នាំ និងដែលបានប្រទះឃើញរោគសញ្ញាសង្ស័យ ទាក់ទងនឹង MIS-C ត្រូវតែរាយការណ៍ករណីទាំងនេះទៅកាន់អាជ្ញាធរក្នុងតំបន់ ឬអាជ្ញាធរសុខាភិបាលជាបន្ទាន់»។ ប៉ុន្តែទន្ទឹមគ្នា CDC មិនទាន់អាចបញ្ជាក់បាន នៅឡើយថាតើរោគសញ្ញា MIS-C នេះកើតឡើងតែទៅលើកុមារ ឬក៏យ៉ាងណានោះទេ។
គួរជម្រាបថា មជ្ឈមណ្ឌលអាមេរិកសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) បានហៅរោគសញ្ញាដ៏កម្រ កើតឡើងលើកុមារដែលគេជឿជាក់ថាអាចមាន ជាប់ពាក់ព័ន្ធនឹង COVID-19 ថាជា «រោគសញ្ញារលាកពហុប្រព័ន្ធរបស់កុមារ ឬ MIS-C»។ រោគសញ្ញានេះ ត្រូវបានរាយការណ៍មុនគេ នៅក្នុងចក្រភពអង់គ្លេស កាលពីចុងមេសា និងបច្ចុប្បន្នកំពុងកើតមានលើកុមារជាច្រើននាក់ ក្នុងទីក្រុងញូយ៉ក ជាទីដែលកុមារបីនាក់បានស្លាប់។ កុមារមានរោគសញ្ញានេះ មានអាការៈ គ្រុនក្ដៅមិនបាត់ ហើយពេលខ្លះវាមានរោគសញ្ញាដូចជាជំងឺ Kawasaki ដែលអាចធ្វើឱ្យរលាកធ្ងន់ធ្ងរដល់សសៃឈាម ទូទាំងរាងកាយ៕