(វ៉ាស៊ីនតោន)៖ នាវិកអាមេរិក០៥នាក់ត្រូវបានធ្វើតេស្តវិជ្ជមាន COVID-19 សាជាថ្មី នៅលើនាវាដឹកយន្តហោះចម្បាំងមួយគ្រឿង ដែលស្ថិតនៅកោះហ្គាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០។
អ្នកនាំពាក្យកងទ័ពជើងអាមេរិកបានឲ្យដឹងថា នាវិកចំនួន០៥នាក់ ដែលបានត្រឡប់ឡើងទៅកាន់នាវាដឹកយន្តហោះចម្បាំង USS Theodore Roosevelt (សៀដ័ររូស្វ៊ែល) ត្រូវបានធ្វើតេស្តឃើញវិជ្ជមានចំពោះជំងឺ COVID-19 ជាថ្មីម្តងទៀត បើទោះបីជាកងទ័ពជើងទឹកអាមេរិកបានខំប្រឹងប្រែងចាត់វិធានការទប់ស្កាត់មិនឲ្យមានការឆ្លងរាលដាលឡើងវិញ នៅលើនាវាចម្បាំងនោះក៏ដោយ។
ការឆ្លងរាលដាលដំបូងនៃជំងឺ COVID-19 នៅលើនាវា USS Theodore Roosevelt ដែលកំពុងចតនៅកោះហ្គាំ បានផ្ទុះឡើងកាលពីខែមីនា។ នាវិកសរុបច្រើនជាង១,០០០នាក់ ក្នុងចំណោមនាវិកទាំងជិត៤,៩០០នាក់របស់នាវា បានឆ្លងជំងឺនេះ។ នាវិកស្ទើរតែទាំងអស់ក៏ត្រូវបានជម្លៀសពីលើនាវា ហើយដាក់ឲ្យស្នាក់នៅលើកោះហ្គាំដើម្បីតាមដានសុខភាព ខណៈនាវាត្រូវឆ្លងកាត់ការសម្អាតកម្ចាត់មេរោគ ព្រមទាំងចាប់ផ្តើមមានការដាក់ចេញនូវវិធានការទប់ស្កាត់ផ្សេងៗ សម្រាប់អ្នកដែលជាសះស្បើយ ហើយត្រឡប់មកលើនាវាវិញ។
បើតាមអ្នកនាំពាក្យកងទ័ពជើងទឹកអាមេរិក នាវិកទាំង០៥នាក់ខាងលើត្រូវបានជម្លៀសចេញពីលើនាវាជាថ្មីម្តងទៀត រួមជាមួយនាវិកចំនួន១៨នាក់ផ្សេងទៀត ដែលបានធ្វើប្រាស្រ័យទាក់ទង ឬនៅជិតពួកគេ។
គួរជម្រាបថា គិតមកទល់ពេលនេះ នាវិកជាង២,៩០០នាក់ បានត្រឡប់ឡើងទៅលើនាវាដឹកយន្តហោះចម្បាំង USS Theodore Roosevelt ហើយការរកឃើញនាវិកដែលតេស្តវិជ្ជមានជាថ្មីនេះ កើតមានឡើងចំពេលដែលកងទ័ពជើងទឹកអាមេរិក ត្រៀមធ្វើប្រតិបត្តិការនាវានោះនៅលើផ្ទៃសមុទ្រឡើងវិញ៕