(ម៉ានីល)៖ មនុស្សរាប់សែននាក់នៅឯប្រទេសហ្វីលីពីន​បានបង្ខំចិត្តចាកចេញពីផ្ទះសម្បែង ដើម្បីទៅជ្រកកោននៅតាមទីជម្រកសុវត្ថិភាព ដោយសារតែការវាយប្រហារពីព្យុះទីហ្វុងកំណាចមួយ ហើយស្របពេលជាមួយគ្នា ក៏ត្រូវបានអនុវត្តវិធានការគម្លាតសុវត្ថិភាព ដើម្បីការពារខ្លួនពីជំងឺ COVID-19 ផងដែរ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០។

ព្យុះទីហ្វុងឈ្មោះថា វ៉ុងហ្វុង (Vongfong) បានបោកបក់ទៅដល់កោះ សាម៉ារ (Samar) ភាគកណ្តាលប្រទេសហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ការមកដល់នៃព្យុះទីហ្វុងនេះ គឺស្របពេលដែលប្រជាជនហ្វីលីពីនរាប់សិបលាននាក់ កំពុងព្យាយាមសំងំនៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19 ប៉ុន្តែដោយសារតែវា មនុស្សយ៉ាងហោចណាស់ ១៤១,៧០០នាក់បានបង្ខំចិត្ត​ជម្លៀសខ្លួនចេញពីផ្ទះសម្បែង ដើម្បីទៅរកកន្លែងសុវត្ថិភាព។

អាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា ការវាយប្រហារនៃព្យុះទីហ្វុង Vongfong គឺកើតមានឡើងចំពេលដែលជំងឺ COVID-19 កំពុងបន្តយាយីលើប្រទេសហ្វីលីពីន ដូច្នេះហើយពួកគេកំពុងប្រឹងប្រែងអនុវត្ត វិធានការបង្ការសម្រាប់ប្រជាជន ដែលជ្រកកោននៅតាមមជ្ឈមណ្ឌលសុវត្ថិភាព តាមរយៈការចែកម៉ាស និងការរក្សាគ្រួសារនីមួយៗឲ្យនៅម្តុំៗ កុំឲ្យមានការឡូកឡំគ្នាជាដើម។

គួរជម្រាបថា បើតាមអាជ្ញាធរហ្វីលីពីន តំបន់ភាគកណ្តាលដែលព្យុះបានបកបក់ទៅដល់ដំបូង គឺមិនមែនជាកន្លែងមានការឆ្លងរាលដាលខ្លាំងនៃ COVID-19 ឡើយ ហើយទោះបីវាកំពុងបន្តរំកិលឆ្ពោះទៅភាគខាងជើងប្រទេស អាជ្ញាធរឧតុនិយមហ្វីលីពីនរំពឹងថា វានឹងថមថយឥទ្ធិពល។ ព្យុះទីហ្វុង Vongfong នេះហាក់មិនទាន់បង្កឲ្យមានមនុស្សស្លាប់​នៅហ្វីលីពីននោះទេ៕