(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីនៅថ្ងៃសុក្រនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៧៩៣នាក់ទៀត នាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ២៦,៨៩១នាក់។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០។

ភាគច្រើននៃករណីឆ្លងថ្មីៗទាំងនោះ​នៅតែជាក្រុមពលករបរទេស ដែលរស់នៅតាមអគារស្នាក់នៅសម្រាប់ពលបរទេស ក្នុងប្រទេសសិង្ហបុរីដដែល ហើយមានតែ ០១ករណីប៉ុណ្ណោះ ដែលជាពលរដ្ឋសិង្ហបុរី ឬអ្នកមានទីលំនៅអចិន្រ្តៃយ៍។ គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ អ្នកជំងឺ COVID-19 សរុប ២១នាក់បានបាត់បង់ជិវិត។ រីឯចំនួនអ្នកជាសះស្បើយសរុបវិញគឺមាន ៥,៩៧៣នាក់។

ក្រសួងសុខាភិបាលសិង្ហបុរី បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ទៀតថា ខ្លួនកំពុងបន្តសិក្សាពីស្ថានភាពជារួមនៃករណីឆ្លងថ្មីៗ ហើយព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានចេញផ្សាយ នៅយប់ថ្ងៃសុក្រនេះ៕