(ស៊ីដនី)៖ សត្វសុនខមួយក្បាលដែលត្រូវបានម្ចាស់បោះបង់ចោល បានក្លាយជា Hero ជួយសង្គ្រោះសត្វកូឡា (Koala) ឬសត្វខ្លាឃ្មុំអូស្ត្រាលីរាប់សិបក្បាល ពីគំនរភ្លើងឆេះព្រៃនៅអូស្ត្រាលី។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នាល្ងាចថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០។

លោកស្រី ចូសេយ ហ្សារ៉េដ (Josey Sharrad) ប្រធានមូលនិធិអន្តរជាតិ សម្រាប់សុខុមាលភាពសត្វ និងជាអ្នកដែលបានរើស Bear (ជាឈ្មោះរបស់សុនខ) មកចញ្ចឹម បានសម្តែងចំណាប់អារម្មណ៍យ៉ាងដូច្នេះថា «ចាប់តាំងពីនាទីដំបូង ដែលយើងបានជួប Bear យើងដឹងថា វាគឺជាសត្វសុនខដ៏អស្ចារ្យ។ ដោយសារតែសារជាតិដ៏ក្លៀវក្លារបស់វា បានធ្វើសុខមួយក្បាលនេះ ក្លាយជាសត្វសុនខដ៏ល្អឥតខ្ចោះសម្រាប់រុករក»។

លោកស្រី ចូសេយ បានគូសបញ្ជាក់ទៀតថា Bear ធ្លាប់ជាសត្វសុនខដែលត្រូវបានម្ចាស់បោះបង់ចោល ឥឡូវនេះបានក្លាយជាវីរៈបុរសដ៏អស្ចារ្យ ដែលបានជួយសង្គ្រោះសត្វខ្លាឃ្មុំកូឡាចំនួន ១០០ក្បាលហើយ ពីគំនរភ្លើងឆេះព្រៃនៅអូស្រ្តាលី។

គួរជម្រាបថា តំបន់ភាគខាងកើតប្រទេសអូស្រ្តាលី កាលពីខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ បានប្រឈមមុខនឹងគ្រោះមហន្តរាយភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ និងបានសម្លាប់ជីវិតសត្វប្រមាណជាង ៥០០លានក្បាល។ សត្វកូឡាស (Koala) ដែលជាសត្វមានវត្តមានតែនៅក្នុងប្រទេសអូស្រ្តាលីប៉ុណ្ណោះនោះ ពោលគឺដូចពពួកកង់គូរូដែរ ត្រូវគេជឿជាក់ថា មានរហូតដល់ជាង ៨,០០០ក្បាលបានងាប់ ដោយសារភ្លើងឆេះព្រៃនេះ។ សត្វកូឡាសងាយនឹងរងគ្រោះដោយសារភ្លើងឆេះព្រៃណាស់ ព្រោះពួកវាធ្វើចលនាយឺត និងស៊ីតែស្លឹកនៃដើមម៉្យាងដែលសម្បូរទៅដោយប្រេងថែមទៀត៕