(ដាណឺម៉ា)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសដាណឺម៉ាក ហ្វេង ថាយ (Feng Tie) បានចេញមុខឆ្លើយតប ចំពោះការចោទប្រកាន់របស់តំណាងសហរដ្ឋអាមេរិក ប្រចាំនៅដាណឺម៉ាកដែលថា ចិន និងរុស្ស៉ីមានមហិច្ឆតាអាក្រក់ចង់ក្តោបក្តាប់កោះគ្រីនលែនដ៍ (Greenland) និងតំបន់ប៉ូលខាងជើង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០។

លោក Feng Tie បានលើកឡើងដូច្នេះថា «ក្នុងអត្ថបទទស្សនៈមួយរបស់ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំដាណឺម៉ាក លោកស្រី ខាឡា សេនស៍ (Carla Sands) បានគូសបញ្ជាក់ដោយប្រយោលថា ការប៉ុនប៉ងពង្រីកឥទ្ធិពលរបស់សហរដ្ឋអាមេរិក នៅកោះគ្រីនលែនដ៍ គឺជាដំណោះស្រាយដែលប្រសើរបំផុត សម្រាប់ប្រទេសដាណឺម៉ាក និងកោះគ្រីនលែនដ៏ផ្ទាល់ ព្រោះថាបើមិនដូច្នោះទេគឺរុស្ស៉ីនិងចិន នឹងចូលមកគ្រប់គ្រង់កាន់កាប់កោះទឹកកកដ៏ធំ នេះមិនខាន»។

លោក Feng បានបន្តថា «ការបញ្ចេញទស្សនៈបែបនោះរបស់លោកស្រី Sands គឺជារឿងមិនសមហេតុផល និងអាចបង្កឲ្យមានការភ័ន្តច្រឡំ ព្រោះថាចិនតែងគោរពអធិបតេយ្យភាព សិទ្ធិ ក៏ដូចជាដែនសមត្ថកិច្ចរបស់បណ្តាប្រទេសនៅតំបន់អាក់ទិចទាំងអស់ »។ បើតាមលោក Feng វាគ្មានហេតុផលអ្វីដែលត្រូវមើលឃើញចិន ជាការគំរាមកំហែងនោះឡើយ ដោយផ្ទុយទៅវិញគួរមើលឃើញចិនជាដៃគូមួយ ដែលអាចផ្តល់ឱកាសជាច្រើន។ លោក Feng បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការគឺធ្វើឡើងដោយការស្ម័គ្រចិត្តពីគ្រប់ភាគី ដោយចិនគ្មានសិទ្ធិអ្វីទៅដាក់គំនាបឲ្យកោះគ្រីនលែនd^ ឬដាណឺម៉ាសធ្វើកិច្ចសហប្រតិបត្តិការជាមួយខ្លួនឡើយ។

លោកឯកអគ្គរដ្ឋទូតចិនក៏បានច្រានចោល ការសន្និដ្ឋានគ្មានមូលដ្ឋានរបស់លោកស្រីឯកអគ្គរដ្ឋទូតអាមេរិកដែលថាទីក្រុងប៉េកាំង កំពុងព្យាយាមបង្កើនឥទ្ធិពលនៅតំបន់មហាសមុទ្រទឹកកកអាក់ទិច តាមរយៈការបោះទីតាំងមូលដ្ឋានស្រាវជ្រាវ ផ្នែកវិទ្យាសាស្រ្តនោះផងដែរ ។ លោក Feng បានបញ្ជាក់ថា ចិនមានសិទ្ធិក្នុងការចូលទៅកាន់ទីតាំងមួយចំនួននៃតំបន់អាក់ទិច ក្រោមសន្និសញ្ញា ស្វាលបាដ (Svalbard) ឆ្នាំ១៩២០។

គួររំឭកដែរថា កាលពីឆ្នាំមុនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងនូវគំនិតចង់ទិញយកកោះគ្រីនលែនដ៍ពីប្រទេសដាណឺម៉ាក ប៉ុន្តែត្រូវបាននាយករដ្ឋមន្រ្តីដាណឺម៉ាកប្រកាសទាត់ចោល ដោយថាវាគឺជាសំណើមិនសមទំនងទាល់តែសោះ៕