(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថាកងទ័ពអាមេរិក នឹងត្រូវបានបណ្ដេញចេញពីប្រទេសអ៉ីរ៉ាក់ និងស៊ីរី ចំពេលភាពតានតឹងរវាងទីក្រុង តេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ឡើងកម្ដៅជាថ្មី បន្ទាប់ពីលោក ដូណាល់ ត្រាំ ណែនាំឱ្យកងទ័ពអាមេរិក បាញ់កម្ទេចនាវា ឬទូកប្រយុទ្ធអ៉ីរ៉ង់ ដែលធ្វើសកម្មភាពបង្កគ្រោះថ្នាក់ ឬរំខានដល់នាវាចម្បាំងអាមេរិក នៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០។
លោក Khamenei ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថាមួយទៅកាន់និស្សិតអ៉ីរ៉ង់ ចេញផ្សាយនៅលើគេហទំព័រផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃអាទិត្យម្សិលមិញ។ មេដឹកនាំកំពូលអ៉ីរ៉ង់រូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «សកម្មភាពរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន, អ៉ីរ៉ាក់ និងស៊ីរី បានធ្វើឱ្យប្រទេសទាំងបីនេះស្អប់គ្នាទៅវិញទៅមក...ដូច្នេះ កងទ័ពអាមេរិកមិនអាចបន្តឈរជើងនៅក្នុងប្រទេសអ៉ីរ៉ាក់ និងស៊ីរី ទៀតនោះទេ ហើយពួកគេនឹងត្រូវបានបណ្ដេញចេញពីតំបន់»។
គួរជម្រាបថា កាលពីខែមេសា កន្លងទៅ លោក ដូណាល់ ត្រាំ បានឱ្យដឹងថា លោកបានណែនាំឱ្យកងនាវាអាមេរិក បាញ់កម្ទេចនាវាចម្បាំង ឬទូកប្រយុទ្ធ របស់អ៉ីរ៉ង់ទាំងឡាយណា ដែលបង្កសកម្មភាពគ្រោះថ្នាក់ ឬរំខានដល់នាវាចម្បាំងអាមេរិក នៅក្នុងតំបន់ឈូងសមុទ្រ។ ប៉ុន្តែ ទន្ទឹមគ្នា ប្រមុខកងកម្លាំងឆ្មាំ បដិវត្តន៍អ៉ីរ៉ង់ លោក Hossein Salami បានព្រមានថា នឹងបាញ់កម្ទេចនាវាចម្បាំងអាមេរិក បើសិនជាសន្តិសុខរបស់អ៉ីរ៉ង់ រងការគំរាមកំហែង៕