(អ៉ីស្រាអែល)៖ សភាអ៉ីស្រាអែល បានយល់ព្រមទទួលស្គាល់រដ្ឋាភិបាលរួបរួមថ្មី របស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ហើយ ដើម្បីបិទបញ្ចប់ ភាពជាប់គាំងនយោបាយ អស់រយៈពេលច្រើនជាងមួយឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០។
រដ្ឋាភិបាលរួបរួមថ្មីត្រូវបានបង្កើតឡើងដោយលោក Benjamin Netanyahu និងប្រធានគណបក្ស Blue and White លោក Benny Gantz តាមរយៈការបែង ចែកអំណាចប្ដូរវេនគ្នាធ្វើជានាយករដ្ឋមន្ត្រីអ៉ីស្រាអែល។ ពោលគឺ លោក Netanyahu នឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី សម្រាប់រយៈពេល១៨ខែ ហើយ បន្ទាប់មក ត្រូវប្រគល់អំណាចឱ្យលោក Gantz។ ប៉ុន្តែ គួរឱ្យកត់សម្គាល់ ថ្លែងនៅក្នុងសុន្ទរកថាមួយទៅកាន់សភា កាលពីថ្ងៃអាទិត្យ ម្សិលមិញ លោក Netanyahu បានសន្យាថានឹងកាត់យកទឹកដីបន្ថែមពីប៉ាឡេស្ទីន នៅក្នុងតំបន់ West Bank បើទោះជាលោក Gantz មិនបានលើកឡើងពីបញ្ហានេះក៏ដោយ។
លោក Netanyahu បានគូសបញ្ជាក់ដូច្នេះថា៖ «វាដល់ពេលវេលាហើយ ក្នុងការអនុវត្តច្បាប់អ៉ីស្រាអែល និងកត់ត្រាពីជ័យជម្នះនៅក្នុងទំព័រប្រវត្តិសាស្ត្រ របស់អ៉ីស្រាអែល...ទឹកដីទំាងនេះគឺជាទីដែលប្រជាជាតិជី្វប ចាប់កំណើត និងធំដឹងក្ដី»។
គួរបញ្ជាក់ថា លោក Benjamin Netanyahu មានអាយុ៧០ឆ្នាំ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអ៉ីស្រាអែល ចាប់តាំងពីឆ្នាំ២០០៩មក ហើយកំឡុង ការកាន់អំណាច លោកបង្កើនការអនុវត្តគោលនយោបាយអាណានិគម តាមរយៈការបញ្ជូនជនជាតិអ៉ីស្រាអែល និងសាងសង់លំនៅដ្ឋាននៅលើទឹកដី ប៉ាឡេស្ទីន ដោយមិនខ្វល់ពីការថ្កោលទោសពីសំណាក់សហគមន៍អន្តរជាតិ៕