(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការឆ្លើយតបវិញ ចំពោះពាក្យសម្តីរិះគន់ពីសំណាក់អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ដែលបានធ្វើឡើងដោយបញ្ឆិតបញ្ឆៀងមកលើរដ្ឋបាលលោក ជុំវិញវិបត្តិជំងឺឆ្លង COVID-19 ដែលបានផ្តាច់ជីវិតមនុស្សជាង៩ម៉ឺននាក់នៅ សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០។
នៅពេលក្រុមអ្នកសារព័ត៌មានស្នើឲ្យលោក បញ្ចេញមតិពាក់ព័ន្ធនឹងការរិះគន់របស់លោក អូបាម៉ា កាលពីចុងសប្តាហ៍កន្លងទៅនេះ លោក ត្រាំ បានឆ្លើយតបយ៉ាងដូច្នេះថា «លោក អូបាម៉ា គឺជាប្រធានាធិបតីដែលអសមត្ថភាពម្នាក់ គឺអសមត្ថភាពខ្លាំងមែនទែន កាលពីលោកនៅ កាន់អំណាច... នេះជាអ្វីដែលខ្ញុំអាចនិយាយបាន»។
ទន្ទឹមគ្នានោះ លោក ដូណាល់ ត្រាំ បានងាកទៅកោតសរសើរកិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោក ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19 នៅសហរដ្ឋអាមេរិកវិញ។ នៅចំពោះមុខការរិះគន់ផ្សេងៗជុំវិញវិបត្តិ ជំងឺឆ្លងនេះ លោក ត្រាំ ធ្លាប់បានលើកឡើងជាដដែលៗថា ចំណាត់ការដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាលលោក តាមពិតបានជួយអាមេរិកកាត់បន្ថយអត្រាមរណៈពី COVID-19។
គួរជម្រាបថា សហរដ្ឋអាមេរិក គឺជាប្រទេសដែលនាំមុខគេលើពិភពលោក ដែលមានករណីឆ្លងនិងស្លាប់ច្រើនបំផុតនៃ COVID-19។ គិតមក ទល់ពេលនេះ អាមេរិកមានអ្នកឆ្លងកើនដល់ជាង១.៥លាននាក់ ក្នុងនោះស្លាប់ជាង៩ម៉ឺននាក់ បើតាមទិន្នន័យពីវែបសាយ Worldometers។