(គូវ៉ែត)៖ អាជ្ញាធរប្រទេសគុយវ៉ែត និងប្រទេសកាតាកាលពីថ្ងៃអាទិត្យម្សិលមិញ បានដាក់ចេញនូវបទបញ្ញត្តិថ្មីមួយ ដែលតម្រូវឲ្យប្រជាជនរបស់ខ្លួនទាំងអស់ ត្រូវតែពាក់ម៉ាសជាកំហិត បើពុំនោះសោតនឹងត្រូវជាប់ពន្ធនាគារ ឬត្រូវផាកពិន័យជាប្រាក់រាប់ពាន់ដុល្លាអាមេរិក។ នេះបើបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០។
តាមរយៈសេចក្តីថ្លែងការណ៍ ក្រសួងសុខាភិបាលគុយវ៉ែតបានប្រកាសថា នរណាម្នាក់ដែលមិនពាក់ម៉ាស ហើយត្រូវអាជ្ញាធរចាប់បាននឹងត្រូវប្រឈមការជាប់ពន្ធនាគាររយៈពេល០៣ខែ ឬត្រូវផាកពិន័យជាទឹកប្រាក់រហូតទៅដល់៥,០០០ឌីណា ដែលប្រហាក់ប្រហែលនឹង១៦,០០០ដុល្លាអាមេរិក។
ចំណែកឯ នៅឯប្រទេសកាតាវិញ សម្រាប់បទល្មើសដូចគ្នានេះ នឹងត្រូវប្រឈមនឹងជាប់ពន្ធនាគាររហូតទៅដល់ ០៣ឆ្នាំ ឬ ផាកពិន័យជាទឹកប្រាក់រហូតដល់ ២០០,០០០រីយ៉ាល់ ដែលប្រហាក់ប្រហែលនឹង ៥៥,០០០ដុល្លាអាមេរិកឯណោះ។
គួរជម្រាបថា បច្ចប្បន្ន សមាជិកទាំង ០៦ ប្រទេស នៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ហៅកាត់ថា GCC
បានកត់ត្រាចំនួនអ្នកឆ្លង COVID-19 សរុបជាង ១៣៧,៤០០ ករណី ក្នុងនោះ ៦៩៣នាក់បាត់បង់ជីវិត។ ករណីឆ្លងក្នុងតំបន់នេះ ពីដំបូងៗគឺពាក់ព័ន្ធធ្វើដំណើរចេញ-ចូល ប៉ុន្តែក្រោយមកមានការឆ្លងរីករាលដាលក្នុងសហគមន៍ផងដែរ ជាពិសេសក្នុងចំណោមពលករចំណាកស្រុកដែលធ្វើការនៅតាមប្រទេសទាំងនោះ។
ប្រទេសកាតា ដែលមានចំនួនប្រជាជនសរុបប្រហែលត្រឹមតែ ២.៨លាននាក់ប៉ុណ្ណោះ មានករណីអ្នកឆ្លងរហូត ៣២,៦០០នាក់ និងស្លាប់ ១៥ នាក់ ខណៈប្រទេសគុយវ៉ែតវិញ ដែលមានចំនួនប្រជាជនប្រហែលជា០៤លាននាក់ មានករណីឆ្លង ១៤,៨៥០នាក់ និងស្លាប់១១២នាក់ បើគិតត្រឹមថ្ងៃចន្ទ ទី១៨ ខែឧសភានេះ៕