(ញូដេលី)៖ តួលេខអ្នកឆ្លងសរុប នៃជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌា នៅថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០នេះ បានកើនដល់លើស ១០០,០០០ករណីហើយ ខណៈចំនួនមនុស្សស្លាប់វិញ ក៏បានកើនឡើងដល់ ៣,១៦២នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចោនស៊ីនហួរ។
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ឥណ្ឌាបានរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន ៤,៩៧០នាក់ ធ្វើចំនួនសរុបនៃអ្នកឆ្លង COVID-19 កើនដល់ ១០១,១៣៩ករណី ខណៈអ្នកស្លាប់វិញមានចំនួន ១៣៤នាក់បន្ថែមទៀត ក្នុងរយៈពេលវេលាដូចគ្នា ធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣,១៦៣នាក់។
គួរជម្រាបថា នារយៈពេលចុងក្រោយនេះ ឥណ្ឌាបានបន្តរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 កើនឡើងយ៉ាងគំហុក ដែលនាំឲ្យប្រទេសអាស៊ីមួយនេះ បានហក់លោតដល់លេខរៀងកំពូលៗ នៃបណ្តាប្រទេសដែលមានករណីអ្នកឆ្លង ច្រើនជាងគេបំផុតលើពិភពលោក ពោលឥណ្ឌាបានវ៉ាដាច់ប្រទេសចិនរួចទៅហើយ កាលពីប៉ុន្មានថ្ងៃមុននេះ៕