​(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃអង្គារនេះ បាននិយាយថា សហរដ្ឋអាមេរិក កំពុងព្យាយាមបង្ខូច​កេរ្តិ៍ឈ្មោះ​របស់ខ្លួន ដើម្បីបិទបាំងកំហុស និងការទទួលខុសត្រូវចំពោះការដោះស្រាយវិបត្តិ COVID-19 ដែលផ្ដាច់ជីវិតប្រជាជនអាមេរិកច្រើនជាង ៩០,០០០នាក់ហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០។

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសន្និសីទសារព័ត៌មាន និងជាការឆ្លើយតបទៅនឹងប្រធានាធិបតីអាមេរិក ដែលបានចោទប្រកាន់អង្គការសុខភាពពិភពលោក WHO ថាជា «អាយ៉ងរបស់ចិន»។ ថ្លែងនាឱកាសនោះ លោក Zhao Lijian បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិក កំពុងព្យាយាមបង្ខូច​កេរ្តិ៍ឈ្មោះ​ចិន និងប្រើប្រាស់ចិន ដើម្បីបិទបាំងការទទួលខុសត្រូវរបស់ខ្លួនតែប៉ុណ្ណោះ។

គួរជម្រាបថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទម្សិលមិញ បានព្រមានថាលោកនឹងពិចារណាឡើងវិញពីសមាជិកភាពរបស់សហរដ្ឋអាមេរិក ក្នុងអង្គការ WHO ព្រមទាំងកាត់ផ្ដាច់ជំនួយទាំងស្រុងផងដែរ ក្នុងរយៈពេល៣០ថ្ងៃ បើសិនជាអង្គការអន្តរជាតិមួយនេះ មិនមានភាពប្រសើរក្នុងការដោះស្រាយវិបត្តិ COVID-19 ទេនោះ៕