(ម៉ូស្គូ)៖ វិមានក្រឹមឡាំងនៅថ្ងៃអង្គារនេះ បានប្រកាសថា នាយករដ្ឋមន្រ្តីរុស្សុីលោក Mikhail Mishustin បានវិលត្រឡប់មកធ្វើការវិញហើយ បន្ទាប់ពីនាយករដ្ឋមន្ត្រីរូបនេះបានឆ្លងជំងឺ COVID-19 រួចមក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន វិមានក្រឹមឡាំងបានបញ្ជាក់ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចុះហត្ថលេខា​លើក្រឹត្យមួយ ដែលលុបការផ្ទេរភារកិច្ចជាបណ្តោះអាសន្នរបស់លោក Mishustin ទៅឲ្យឧបនាយករដ្ឋមន្ត្រីទី១ លោក Andrey Belousov ចោលវិញ បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីទី១ រូបនេះបានកាន់តួនាទីជានាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសរុស្ស៊ី ចាប់តាំងពីថ្ងៃទី ៣០ ខែមេសាកន្លងមកនេះ។

គួរជម្រាបថា កាលពីចុងខែមេសាកន្លងទៅនេះ នាយករដ្ឋមន្រ្តីរុស្ស៉ី លោក Mikhail Mishustin បានជម្រាបប្រាប់លោកប្រធានាធិបតី ពូទីន ថា លោកបានឆ្លងជំងឺ COVID-19 ហើយលោកក៏បានស្នើរឲ្យលោកប្រធានាធិបតីរុស្ស៉ី តែងតាំងលោក Andrey Belousov ដែលជាឧបនាយករដ្ឋមន្រ្តីទី១ ធ្វើជានាយករដ្ឋមន្រ្តីស្តីទីជំនួសលោកជាបណ្តោះអាសន្ន នៅពេលលោកត្រូវអវត្តមានដោយសារជំងឺ COVID-19 នេះ ហើយក៏ត្រូវបានលោក ពូទីន ឯកភាព៕