(តូក្យូ)៖ នៅក្នុងសប្តាហ៍នេះ រដ្ឋាភិបាលជប៉ុនអាចនឹងប្រកាសដកខេត្ត ឬតំបន់មួយចំនួនទៀតចេញពីគ្រាអាសន្ន ព្រោះតែអត្រាឆ្លង COVID-19 បានធ្លាក់ចុះមកវិញ។ នេះបើតាមការដកស្រង់ព័ត៌មានពីកាសែតជប៉ុន Asahi នាយប់ថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០។

ការត្រៀមដកតំបន់បន្ថែមទៀតចេញពីគ្រាអាសន្ននេះ ក៏ព្រោះតែរដ្ឋាភិបាលជប៉ុន កំពុងត្រួសត្រាយផ្លូវបន្ថែម នៅក្នុងការបើកដំណើរការចរន្តសេដ្ឋកិច្ចសំខាន់ៗឡើងវិញ ខណៈដែលប្រទេសសេដ្ឋកិច្ចធំបំផុតលំដាប់លេខ ៣ លើលោកមួយនេះ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារបញ្ហា ដែលបានបង្កឡើងដោយជំងឺ COVID-19 រាតត្បាតពិភពលោកទាំងមូល។

កាលពីសប្តាហ៍មុននេះ នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ បានសម្រេចដកខេត្តចំនួន ៣៩ ក្នុងចំណោម ៤៧ ចេញពីគ្រាអាសន្ន ស្របពេលដែលប្រជាជនទាំងអស់ ត្រូវបានអំពាវនាវឲ្យអនុវត្ត របៀបរបបរស់នៅធម្មតាតាមបែបថ្មី នោះគឺការរក្សាគម្លាត និងអនាម័យជាប់និច្ច ដើម្បីកុំឲ្យឆ្លងជំងឺ COVID-19។

គួរបញ្ជាក់ថា បើតាមព័ត៌មានជាបឋម រដ្ឋាភិបាលជប៉ុនអាចនឹងដកខេត្ត អូសាកា, ក្យូតូ និង ហ៊ីយ៉ូហ្គោ ចេញពីគ្រាអាសន្ននៅក្នុងសប្តាហ៍នេះ ហើយទុកទីក្រុងតូក្យូ ខេត្តហុកកៃដូ និងតំបន់ជុំវិញនោះទៀត ឲ្យស្ថិតនៅក្នុងគ្រាអាសន្នបន្តទៀត។ មិនខុសពីមេដឹកនាំប្រទេសដទៃឡើយ លោក អាបេ ត្រូវធ្វើបែបណារក្សាសុខុមាលភាពប្រជាជនជប៉ុនផង និងការពារសេដ្ឋកិច្ចជាតិមិនឲ្យដួលរលំ ក្នុងពេលដំណាលគ្នាផង៕