(តេហេរ៉ង់)៖ តុលាការអ៉ីរ៉ង់នៅថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាស ផ្តន្ទាទោសប្រហារជីវិតប្តីប្រពន្ធមួយគូ ពីបទប្រព្រឹត្តអំពើពុករលួយ និងលាងលុយកខ្វក់សរុប ២០០លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

អ្នកនាំពាក្យតុលាការអ៉ីរ៉ង់បានបញ្ជាក់ថា បុរសជាប្តីឈ្មោះ វ៉ាហ៊ីដ បេហ្សាឌី (Vahid Behzadi) និងប្រពន្ធឈ្មោះ ណាចវ៉ា ឡាស៊ីដៃ (Najva Lashiedai) ត្រូវបានប្រកាសផ្តន្ទាទោសប្រហារជីវិត បន្ទាប់ពីតុលាការពិសេសបានរកឃើញថា ពួកគេពិតជាបានប្រព្រឹត្តបទល្មើសសេដ្ឋកិច្ច ក្នុងនោះមានដូចជាការ លាងលុយកខ្វក់ ២០០លានដុល្លារអាមេរិក និងការលួចមាសទម្ងន់ ១០០គីឡូក្រាម ព្រមទាំងកាក់មាសចំនួន ២៤,៧០០សន្លឹកផងដែរ។

គួរបញ្ជាក់ថា ដោយសារការសេចក្តីប្រកាសខាងលើនេះ មិនទាន់ជាការសម្រេចចិត្តចុងក្រោយរបស់តុលាការអ៉ីរ៉ង់នោះ ប្តីប្រពន្ធមួយគូខាងលើនេះ ក៏អាចធ្វើការប្តឹងឧទ្ធរណ៍ ផងដែរនៅក្នុងអំឡុងពេល ២០ថ្ងៃបន្ទាប់៕