(វ៉ាស៊ីនតោន)៖ កងនាវាអាមេរិកបានចេញសារព្រមានមួយ ដល់នាវាចម្បាំង ឬទូកបំពាក់អាវុធទាំងអស់នៅក្នុងតំបន់មជ្ឈិមបូព៌ា ត្រូវស្ថិតនៅឱ្យឆ្ងាយពីនាវាចម្បាំងអាមេរិកយ៉ាងហោចណាស់ ១០០ម៉ែត្រ បើពុំដូច្នោះទេនឹងត្រូវប្រឈមមុខ នឹងហានិភ័យនៃវិធានការពារខ្លួនដោយស្របច្បាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០។

បើតាមសារព្រមានខាងលើដែលទីភ្នាក់ងារព័ត៌មាន Reuters ជាអ្នករាយការណ៍មុនគេ រាល់នាវាចម្បាំង ឬទូកបំពាក់អាវុធទាំងឡាយណា ដែលស្ថិតនៅចំងាយក្រោម ១០០ម៉ែត្រ ពីនាវាចម្បាំងអាមេរិក អាចនឹងត្រូវបានចាត់ទុកថា ជាគំរាមកំហែង ហើយអាចនឹងត្រូវប្រឈមមុខនឹង វិធានការការពារខ្លួនដោយស្របច្បាប់។

ការព្រមាននេះ ទោះបីជាមិនបានបញ្ជាក់គោលដៅចំៗ ប៉ុន្តែវាត្រូវបានគេមើលឃើញថា ជាសារព្រមានផ្ញើជូនអ៉ីរ៉ង់ ស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រំា ក៏ធ្លាប់បានគំរាមដែរថា លោកបានណែនាំឱ្យកងនាវាអាមេរិក បាញ់កម្ទេចនាវាចម្បាំង ឬទូកប្រយុទ្ធអ៉ីរ៉ង់ទាំងអស់ ដែលហ៊ានបង្កគ្រោះថ្នាក់ ឬការរំខាន់ដល់នាវាចម្បាំងអាមេរិក ក្នុងតំបន់ឈូងសមុទ្រ។

គួរជម្រាបថា សហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានជួបភាពតានតឹងនឹងគ្នាជាថ្មី កាលពីពាក់កណ្ដាលខែមេសាកន្លងទៅ ក្រោយកងនាវាអាមេរិកបានអះអាងថា ទូកប្រយុទ្ធអ៉ីរ៉ង់ ១១គ្រឿងបានធ្វើសកម្មភាពប្រកបដោយគ្រោះថ្នាក់ និងឡោមព័ទ្ធនាវាចម្បាំងអាមេរិកមួយគ្រឿង នៅក្នុងតំបន់ឈូងសមុទ្រ ។ ប៉ុន្តែកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានចោទប្រកាន់បកវិញថា នាវាចម្បាំងអាមេរិក ធ្វើសកម្មភាពគ្មានវិជ្ជាជីវៈ ដោយគំរាមកំហែងដល់សន្តិភាពនៅក្នុងតំបន់៕