(តៃវ៉ាន់)៖ ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) បាននិយាយថា កោះតៃវ៉ាន់ចង់បានកិច្ចសន្ទនាជាមួយទីក្រុងប៉េកាំង ប៉ុន្តែមិនអាចទទួលយកថា ខ្លួនគឺជាផ្នែកមួយនៃទឹកដីចិន ក្រោមគោលនយោបាយ «ប្រទេសមួយប្រព័ន្ធពីរ» នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០។
លោកស្រី Tsai Ing-wen បានធ្វើការកត់សម្គាល់ដូចខាងលើនេះ កំឡុងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់ សម្រាប់អាណត្តិទី ២ របស់លោកស្រីនៅថ្ងៃពុធនេះតែម្តង។ ស្ថិតក្នុងឱកាសនោះ លោកស្រី Tsai បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅទីនេះ, ខ្ញុំសូមនិយាយឡើងវិញនូវពាក្យសន្តិភាព, ស្មើភាព, ប្រជាធិបតេយ្យ និងកិច្ចសន្ទនា។ ប៉ុន្តែយើងមិនអាចទទួលពីរ ដើម្បីបន្ទាបតម្លៃរបស់តៃវ៉ាន់»។ លោកស្រី ត្សៃ បានបន្ថែមទៀតថា ភាគីទាំងពីរគួរតែមានកាតព្វកិច្ច ស្វែងរកមធ្យោបាយមួយ ដែលអាចរួមរស់ជាមួយគ្នាបានយូរអង្វែង។
ប៉ុន្តែជាការឆ្លើយតប ទីក្រុងប៉េកាំងក៏បានបញ្ជាក់ជាថ្មីផងដែរថា ការបង្រួបបង្រួមជាតិជាមួយកោះតៃវ៉ាន់ ជារឿងជៀសមិនរួច។ «ការបង្រួបបង្រួមជាតិ គឺជាប្រវត្តិសាស្ត្រជៀសមិនរួច នៃការកសាងឡើងវិញដ៏អស្ចារ្យនៃប្រជាជាតិចិន។ យើងមានការប្ដេជ្ញាចិត្ត, ទំនុកចិត្ត, និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី»។ នេះបើតាមជាការលើកឡើងរបស់ ការិយាល័យចិនទទួលបន្ទុកកិច្ចតៃវ៉ាន់។
គួរជម្រាបថា លោកស្រី Tsai Ing-wen បានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ កាលពីខែមករាកន្លងទៅ ហើយគណបក្ស ប្រជាធិបតេយ្យជឿនលឿនរបស់លោកស្រី ក៏បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតសភាផងដែរ។
ក្រោយទទួលបានជ័យជម្នះ លោកស្រី ត្សៃ អ៉ីងវិន បានប្រកាសភ្លាមៗពី កិច្ចការពារបូរណភាពកោះតៃវ៉ាន់ ប្រឈមមុខនឹងចិន ដែលបានព្រមានតៃវ៉ាន់ជាច្រើនលើកថា នឹងប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមជាតិនៅក្នុងករណីចាំបាច់ ឬនៅពេលដែលកោះ ដែលត្រូវបានចាត់ទុកត្រឹមតែជាខេត្តរបស់ចិនមួយនេះ ហ៊ានប្រកាសឯករាជ្យ៕