(ប៉ាឡេស្ទីន)៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas កាលពីថ្ងៃអង្គាសប្តាហ៍នេះ បានប្រកាសលុបចោលកិច្ចព្រមព្រៀងទាំងអស់ ដែលត្រូវបានចុះហត្ថលេខាជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងតែលអាវីវ បានប្រកាសថា អ៊ីស្រាអែលនឹងបញ្ចូលផ្នែកខ្លះទៀតនៃតំបន់ West Bank ចូលទៅក្នុងដែនអធិបតេយ្យរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០។
លោក Mahmoud Abbas បានធ្វើសេចក្តីប្រកាសខាងលើ នៅកំឡុងពេលនៃកិច្ចប្រជុំបន្ទាន់មួយ នៅទីក្រុងរ៉ាម៉ាឡា (Ramallah) កាលពីថ្ងៃអង្គារម្សិលមិញនេះ។ នាឱកាសនោះ ប្រធានាធិបតីប៉ាឡេស្ទីនរូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «អង្គការរំដោះប៉ាឡេស្ទីន និងរដ្ឋប៉ាឡេស្ទីននៅថ្ងៃនេះ បានបោះបង់ចោលទាំងអស់នូវរាល់កាតព្វកិច្ចក្រោមកិច្ចព្រមព្រៀងនានាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយក្នុងនោះរួមទាំងកាតព្វកិច្ចដែលទាក់ទងនឹងផ្នែកសន្តិសុខផងដែរ»។
ក្នុងពេលជាមួយគ្នានោះ លោក Abbas ក៏បានអំពាវនាវឲ្យអ៊ីស្រាអែលទទួលខុសត្រូវទាំងស្រុង ចំពោះមុខសហគមន៍អន្តរជាតិ នូវអ្វីដែលបានកើតឡើង ចាប់ពីពេលនេះតទៅក្នុងនាមជា «កងកម្លាំងដែលកាន់កាប់តំបន់របស់ប៉ាឡេស្ទីន»។ លើសពីនោះទៀតលោកក៏បានចោទប្រកាន់រដ្ឋាភិបាលលោក ដូណាល់ ត្រាំ ថា បានផ្តល់ភាពអយុត្តិធម៌ចំពោះប្រជាជនប៉ាឡេស្ទីន។
គួរជម្រាថា សេចក្តីប្រកាសនេះ បានកើតមានឡើងចំពេលដែលផែនការរបស់ទីក្រុងតែលអាវីវ ក្នុងការពង្រីកអធិបតេយ្យភាពរបស់ខ្លួនលើផ្នែកខ្លះទៀតនៃតំបន់ West Bank ដែលមានអាមេរិកនៅពីក្រោយ ត្រូវបានថ្កោលទោសយ៉ាងខ្លាំងពីសំណាក់ប្រជាជនប៉ាឡេស្ទីន ក៏ដូចជាភាគីជាច្រើនទៀតនៅលើពិភពលោកផងដែរ៕