(កង់បេរ៉ា)៖ ដែនដីភាគខាងជើងអូស្ត្រាលី (Northern Territory ឬ NT) បានក្លាយជាតំបន់ទី ៣ នៅក្នុងប្រទេសអូស្ត្រាលី​ដែលបានព្យាបាលអ្នកជំងឺ COVID-19 ឲ្យជាសះស្បើយទាំងស្រុង និងធ្វើឲ្យករណីសកម្មនៃជំងឺនេះធ្លាក់មកនៅចំនួនសូន្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០។

លោក ម៉ៃខឺល ហ្គាន់ណឺ (Michael Gunner) ថ្នាក់ដឹកនាំជាន់ខ្ពស់នៃដែនដី Northern Territory របស់ប្រទេសអូស្ត្រាលីបានលើកឡើងថា ពេលនេះតំបន់របស់លោក​បានរួចចាកផុតទាំងស្រុងពីវីរុសកូរ៉ូណាហើយ បន្ទាប់ពីករណីសកម្ម ឬអ្នកជំងឺ COVID-19 ចុងក្រោយគេត្រូវបានព្យាបាលឲ្យជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ​នៅថ្ងៃព្រហស្បតិ៍នេះតែម្តង។ ទោះបីជាបែបនេះក្តី អាជ្ញាធរតំបន់នេះ​ក៏នៅតែរក្សាវិធានការប្រុងប្រយ័ត្នក្នុងកម្រិតខ្ពស់ដដែល។

គួរបញ្ជាក់ថា សម្រាប់ដែនដីអូស្ត្រាលីចំនួនពីរដំបូង​ដែលបានសម្រេចលទ្ធផលខាងលើនេះរួចមកហើយមានដូចជា ដែនដីភាគខាងត្បូង (South Australia ឬ SA) និងដែនដីរដ្ឋធានី (Australian Capital Territory ឬ ACT)។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ប្រទេសអូស្ត្រាលីទាំងមូលមានករណីឆ្លង COVID-19 សរុបចំនួន ៧,០៨១ករណី ក្នុងនោះស្លាប់ ១០០នាក់ និងជាសះស្បើយវិញ ៦,៤៧០នាក់៕