(សេអ៊ូល)៖ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១២នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះកើនដល់ ១១,១២២ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះមាន ១០នាក់ជាករណីឆ្លងនៅក្នុងស្រុក និង ០២នាក់ទៀតជាករណីនាំចូលពីបរទេស។ ក្នុងរយៈពេលដូចគ្នានេះ ប្រទេសកូរ៉េខាងត្បូងក៏បានកត់ត្រាអ្នកស្លាប់ ចំនួនម្នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនមនុស្សស្លាប់សរុបបានកើនដល់ ២៦៤នាក់ ឬស្មើនឹង ២.៣៧% នៃចំនួនអ្នកដែលបានឆ្លងជំងឺ COVID-19 ទាំងអស់។
ដោយឡែកសម្រាប់របាយការណ៍ ស្តីអំពីតួលេខសរុបនៃអ្នកជាសះស្បើយឡើងវិញ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏បានបញ្ជាក់ដែរថា បានកើនដល់ ១០,១៣៥នាក់ហើយ ឬស្មើនឹង ៩១.១% នៃចំនួនអ្នកជំងឺសរុប បន្ទាប់ពីអ្នកជំងឺចំនួន ៦៩នាក់បន្ថែមទៀត ទើបតែបានជាសះស្បើយ កាលពីម្សិលមិញនេះ។
គួរជម្រាបថា គិតចាប់តាំងពីថ្ងៃទី០៣ ខែមករា កូរ៉េខាងត្បូងបានធ្វើតេស្តរក COVID-19 លើមនុស្សច្រើនជាង ៧៨៨,០០០នាក់ហើយ ក្នុងចំណោមនោះ ៧៥៩,៤៧៣នាក់ មានលទ្ធផលអវិជ្ជមាន ខណៈ ១៨,០៨៩នាក់កំពុងស្ថិតក្នុងការតាមដាននៅឡើយ៕