(បាងកក)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលថៃបានប្រកាសពីការរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០៣នាក់បន្ថែមទៀត និងពុំមានករណីស្លាប់ទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

បើតាមការគូសបញ្ជាក់របស់លោក ថាវីស៊ិន វិសានុយោធិន (Taweesin Wisanuyothin) អ្នកនាំពាក្យរដ្ឋបាលគ្រប់គ្រងស្ថានការណ៍ COVID-19 នៃប្រទេសថៃបានឲ្យដឹងថា ក្នុងចំណោមករណីថ្មីទាំងបីខាងលើនេះ គឺមាន ០២ករណីជាករណីឆ្លងក្នុងស្រុកតែម្តង ខណៈ០១ករណីទៀតត្រូវបានរកឃើញនៅលើបុគ្គលម្នាក់ ដែលទើបតែត្រឡប់មពីប្រទេសហ្វីលីពីន។

គួរជម្រាបថា បើបូកបញ្ចូលទាំងករណីឆ្លងថ្មីៗទាំង ០៣ករណីនេះបន្ថែមទៀត វាបានធ្វើឲ្យករណីឆ្លង COVID-19 សរុប​នៅក្នុងប្រទេសអាស៊ានមួយនេះកើនដល់ ៣,០៣៧ករណី ដោយក្នុងនោះអ្នកជំងឺចំនួន ៥៦នាក់ស្លាប់ និង ២,៨៩៧នាក់ផ្សេងទៀត​បានជាសះស្បើយឡើងវិញ៕