(ញូដេលី)៖ មនុស្សយ៉ាងតិច ១៧នាក់បានបាត់បង់ជីវិត បន្ទាប់ពីព្យុះស៊ីក្លូនមួយបានបោកបក់ ឆ្លងកាត់ភាគខាងកើតប្រទេសឥណ្ឌា ហើយនាពេលនេះវាបានឆ្លងចូល ទៅដល់ប្រទេសបង់ក្លាដែសថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០។
អាជ្ញាធរឥណ្ឌាបានឲ្យដឹងថា មនុស្ស ១២នាក់បានស្លាប់នៅរដ្ឋ វែសត៍ ប៊ែងហ្គាល់ (West Bengal) និង ០៥នាក់ទៀតនៅរដ្ឋ អូឌីសា (Odisha) ដែលស្ថិតជាប់គ្នា។ ក្រៅពីបាត់បង់ជីវិតមនុស្ស ព្យុះស៊ីក្លូនឈ្មោះ អាំផាន់ (Amphan) ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លាបំផុតកម្រមាន ក៏បានបំផ្លិចបំផ្លាញផ្ទះសម្បែង ផ្តួលរលំ បង្គោលភ្លើង-ដើមឈើ និងបង្កការជន់លិច ដែលបណ្តាលឲ្យដាច់ស្ពាន-ថ្នល់ថែមទៀតផង។
ក្រោយវាយប្រហារលើប្រទេសឥណ្ឌា ពេលនេះព្យុះ Amphan បានបន្តឆ្លងចូលទៅដល់ប្រទេសបង់ក្លាដែស ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ អំពីមនុស្សស្លាប់នៅឡើយទេ ខណៈមានការខូចខាតលំនៅឋាន ស្រែ-ចម្ការ និងដួលរលំដើមឈើ។ ទន្ទឹមគ្នានេះព្យុះ Amphan បាននិងកំពុងបន្តថយចុះឥទ្ធិពលទៅវិញ។
គួរជម្រាបថា ការមកដល់នៃព្យុះស៊ីក្លូនខាងលើបានកើតមានឡើង ស្របពេលដែលទាំងឥណ្ឌា ទាំងបង់ក្លាដែសសុទ្ធតែកំពុងជាប់ដៃ ប្រយុទ្ធតទល់ជាមួយជំងឺរាតត្បាត COVID-19។ បើតាមការបញ្ជាក់របស់អាជ្ញាធរនៃប្រទេសទាំងពីរ មនុស្សសរុបច្រើនជាង ០៣លាននាក់ត្រូវបានជម្លៀសខ្លួន ចេញទៅកាន់កន្លែងសុវត្ថិភាពមុនព្យុះ Amphan មកដល់ ហើយវិធានការការពារខ្លួនពី COVID-19 នៅតែបន្តអនុវត្តជានិច្ច៕