(តូក្យូ)៖ ថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បានប្រកាសដកភាពអាសន្នចេញពីខេត្តចំនួន០៣ថែមទៀត ស្របពេលដែលអត្រាឆ្លង COVID-19 នៅតាមតំបន់ទាំងនោះ បានថយចុះល្មមគ្រប់គ្រាន់ ដើម្បីចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹង ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Kyodo News នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០។
បូកបន្ថែមខេត្តចំនួន០៣ខាងលើ ដែលរួមមាន អូសាកា ក្យូតូ និងហីយ៉ូហ្គោ មកទល់ពេលនេះ ការប្រកាសអាសន្ន COVID-19 ត្រូវបានដកចេញពីខេត្តសរុបចំនួន៤២ ក្នុងចំណោមខេត្តទាំង៤៧របស់ប្រទេសជប៉ុន។ សម្រាប់ខេត្តដែលនៅបន្តស្ថិតក្រោម ភាពអាសន្ន គឺរួមមានតូក្យូ ឈីបា កាណាហ្គាវ៉ា សៃតាម៉ា និងហុកកៃដូ។ យ៉ាងណាក្តី លោក អាបេ បានបញ្ជាក់ថា ខេត្តទាំងនេះ ក៏ប្រហែលជាអាចត្រូវដកភាពអាសន្នវិញដែរ នៅសប្តាហ៍ក្រោយ បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃពីក្រុមអ្នកជំនាញសុខាភិបាល។
គួរជម្រាបថា កាលពីខែមេសាកន្លងទៅ ភាពអាសន្នត្រូវបានប្រកាសសម្រាប់តំបន់មួយចំនួន រួមមានតូក្យូនិងអូសាកា ហើយបន្ទាប់មកក៏ ត្រូវបានពង្រីកទៅទូទាំងប្រទេសជប៉ុនតែម្តង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19។ ក្រោយមកទៀត លោក អាបេ បានប្រកាសបន្លាយការប្រកាសអាសន្ននេះឲ្យដល់ថ្ងៃទី៣១ ខែឧសភា ក៏ប៉ុន្តែកាលពីសប្តាហ៍មុន លោក ក៏បានសម្រេចប្រកាសដកភាពអាសន្នចេញវិញពី ខេត្តចំនួន៣៩ ក្រោយការឆ្លងនៅតាមខេត្តទាំងនោះស្ថិតក្រោមការគ្រប់គ្រងបាន។
គិតត្រឹមតួលេខនាយប់ថ្ងៃព្រហស្បតិ៍នេះ ជប៉ុនបានរកឃើញអ្នកឆ្លង COVID-19 សរុប១៦,៣៨៥នាក់ ក្នុងនោះស្លាប់៧៧១នាក់ និងជាសះស្បើយឡើងវិញ១២,២៨៦នាក់ ដោយតួលេខនេះមិនរាប់បញ្ជូលករណីកប៉ាល់ទេសចរណ៍ Diamond Princess នោះ ឡើយ៕