(អូស្រ្តាលី)៖ ទីក្រុង Melbourne នៃប្រទេសអូស្រ្តាលី បានចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំក្នុងការធ្វើតេស្តសំណល់ទឹកកខ្វក់ និង លាមកនៅតាមប្រព័ន្ធលូរ ដើម្បីស្វែងរកស្លាកស្នាមវត្តមានមេរោគ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន South China Morning Post នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០។
អាជ្ញាធរអូស្រ្តាលីបានបញ្ជាក់ថា ការធ្វើបែបនេះអាចជួយគ្រប់គ្រង ក៏ដូចជាតាមដានស្ថានការណ៍នៃការឆ្លងរាលដាលរបស់ជំងឺ COVID-19 ហើយណាមួយវាគឺជាមធ្យោបាយដែលធូរថ្លៃ តែមានប្រសិទ្ធភាពគួរសមផងដែរ។ បើយោងតាមការសិក្សាស្រាវជ្រាវ មេរោគ COVID-19 អាចរក្សាវត្តមាននៅក្នុងលាមកបានរហូតដល់០៦សប្តាហ៍។
គួរជម្រាបថា អូស្រ្តាលីត្រូវគេចាត់ទុកក្នុងចំណោមប្រទេសដែលទទួលជោគជ័យ ក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺ COVID-19 ដោយមកទល់ពេលនេះរកឃើញករណីឆ្លងត្រឹមជាង៧,០០០នាក់ ក្នុងនោះស្លាប់១០០នាក់។ បច្ចុប្បន្ន អូស្រ្តាលីកំពុងតែចាប់ផ្តើម បោះជំហានឆ្ពោះទៅរកការបើកសេដ្ឋកិច្ចឡើងវិញ ក្រោយប្រទេសត្រូវស្ថិតក្រោមវិធានការរឹតបន្តឹងអស់រយៈពេលខ្ទង់២ខែ ហើយ ទន្ទឹមគ្នានេះ អាជ្ញាធរសុខាភិបាលអូស្រ្តាលីក៏កំពុងព្យាយាមស្វែងរកផែនការ ដើម្បីទប់ស្កាត់រលកទី២នៃការឆ្លងរាតត្បាតផងដែរ ៕