(ប៉េកាំង)៖ កិច្ចប្រជុំនយោបាយជាន់ខ្ពស់ប្រចាំឆ្នាំរបស់ចិន បានប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាមួយការស្មឹងស្មាតគោរពវិញ្ញាណក្ខន្ធ ជូនចំពោះជនរងគ្រោះជាង ៤,៦០០នាក់ ដែលបានស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេស ចាប់ពីជំងឺឆ្លងរាតត្បាតមួយនេះ ផ្ទុះឡើងកាលពីចុងឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០។
ប្រតិភូច្រើនជាង ២,០០០នាក់ មកពីទូទាំងប្រទេស បានបង្ហាញកាយវិកាគោរព និងស្មឹងស្មាតរយៈពេល ១មួយនាទី បន្ទាប់ពីច្រៀង និងគោរពភ្លេងជាតិចិន នៅឯសាលវិមានប្រជាជនចិនក្នុងទីក្រុងប៉េកាំង។ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងសមាជិកការិយាល័យនយោបាយ ២៥រូប ដែលជាថ្នាក់ដឹកនាំកំពូលនៃ គណបក្សកម្មុយនិស្ដចិន ក៏បានមានវត្តមាននៅក្នុងកិច្ចប្រជុំនោះដែរ ដោយអង្គុយនៅចំកណ្ដាលឆាក ដោយមិនបានពាក់ម៉ាសនោះទេ។
គួរជម្រាបថា សន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន (CPPCC) ត្រូវបានពន្យារពេលអស់រយៈពេល ២ខែមកហើយ ដោយសារតែការឆ្លងរាតត្បាត នៃជំងឺ COVID-19 ហើយសន្និសីទនេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹងសភាប្រជាជនចិន បើកសម័យប្រជុំរបស់ខ្លួននៅថ្ងៃសុក្រនេះ៕