(កូឡុំបូ)៖ ស្ត្រី៣នាក់ត្រូវបានមនុស្សម្នាជាន់រហូតដល់ស្លាប់បាត់បង់ជីវិត ក្នុងព្រឹត្តិការណ៍ចែកលុយមួយកន្លែង នៅទីក្រុងកូឡុំបូនៃប្រទេសស្រីលង្កា ខណៈភាពអស់សង្ឈឹមក្នុងការតស៊ូរកចំណូលមកចញ្ចឹមជីវិត កាន់តែមានខ្លាំងឡើង ដោយសារវិធានការរឹតត្បិតចំពោះមុខជំងឺឆ្លង COVID-19។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មនុស្សម្នាប្រហែលជាង ១,០០០នាក់បានឈរតម្រង់ជួរគ្នា នៅខាងក្រៅឃ្លាំងរបស់ពាណិជ្ជករអ្នកមានម្នាក់ ដើម្បីរកចាំការចែកទានប្រចាំឆ្នាំរបស់គាត់ ក្នុងកំឡុងខែតមអាហារនៃបុណ្យរ៉ម៉ាដន ដោយម្នាក់ៗនឹងអាចទទួលបានប្រាក់ប្រហែល ០៨ដុល្លារអាមេរិក។
ប៉ុន្តែដោយសារមានមនុស្សម្នាច្រើនពេក អ្នកខ្លះអន្ទះសារចង់បាន និងបារម្ភខ្លាចអស់អំណោយទាន ក៏បានព្យាយាមបំបែកជួរ ហើយរុលទៅមុខ ដែលបណ្តាលឲ្យស្ត្រីបីនាក់ដែលនៅខាងមុខគេ ដួលទៅនឹងដី ហើយត្រូវមនុស្សម្នាជាន់រហូតដល់ស្លាប់ ខណៈមនុស្ស ០៩នាក់ផ្សេងទៀតរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ នេះបើតាមសាក្សីដដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP។
គួរជម្រាបថា ប្រជាជនភាគច្រើននៅទីនោះ មិនបានទទួលប្រាក់ចំណូលចំនួន ២ខែកន្លងមកហើយ ដោយសារតែវិធានការបិទទ្វារប្រទេសនៅចំពោះមុខ នៃការផ្ទុះរីករាលដាលនៃជំងឺឆ្លង COVID-19។ មនុស្សម្នាមានការអស់សង្ឈឹមជាខ្លាំង។ នៅពេលពួកគេបានលឺ អំពីការបរិច្ចាគទាន ក៏បានសម្រុកទៅចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់។ រហូតមកទល់នឹងពេលនេះ ប្រទេស្រីលង្កាបានកត់ត្រាចំនួនអ្នកឆ្លង COVID-19 ចំនួន ១,០៤៥នាក់ ក្នុងនោះស្លាប់ ០៩នាក់ និង ៦០៤នាក់ផ្សេងទៀត បានជាសះស្បើយឡើងវិញ បើគិតត្រឹមថ្ងៃសុក្រ ទី២២ ខែឧសភានេះ៕