(ហាណូយ)៖ តុលាការយោធាមួយនៅក្នុងប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានផ្ដន្ទាទោសអតីតអនុរដ្ឋមន្ត្រីការពារជាតិ លោក ង្វៀន វ៉ាន់ហៀន (Nguyen Van Hien) ដាក់ពន្ធនាគារ ០៤ឆ្នាំ ពីបទអនុញ្ញាតឱ្យមានការផ្ទេរដីឡូតិ៍របស់រដ្ឋ ០៣កន្លែងក្នុងទីក្រុង ហូជីមិញ (Ho Chi Minh) ដោយខុសច្បាប់ទៅឱ្យវិស័យឯកជន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម លោក Nguyen Van Hien មានអាយុ ៦៥ឆ្នាំ ដែលត្រូវបានគេរកឃើញពីទោសកំហុស «ខ្វះការទទួលខុសត្រូវ» បានផ្ទេរដីឡូតិ៍មានទំហំ ៧,៣០០គីឡូម៉ែត្រក្រឡាសម្រាប់រយៈពេល ៤៥-៤៩ឆ្នាំទៅឱ្យវិស័យឯកជនដើម្បីសាងសង់អគារការិយាល័យ។ បន្ថែមពីនេះ ក្រសួងសន្តិសុខសាធារណៈវៀតណាម ក៏បានបញ្ជាក់ដែរថា ការផ្ទេរដីនេះមានន័យថា កងទ័ពជើងទឹកវៀតណាម បាត់បង់ការប្រើប្រាស់ដីឡូតិ៍ទំាងនោះរយៈពេល ៤៩ឆ្នាំ និងធ្វើឱ្យរដ្ឋខាតបង់ថវិកា ៤០លានដុល្លារ។
គួរជម្រាបថា ក្រៅពីលោក Nguyen Van Hien តុលាការយោធាវៀតណាម ក៏បានផ្ដន្ទាទោសមន្ត្រីយោធា ០៤នាក់ផ្សេងទៀតដាក់ពន្ធនាគារចន្លោះពី ៤-៩ឆ្នាំផងដែរ ពីបទជាប់ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយនេះផងដែរ។ លោក Hien ដែលធ្លាប់កាន់តំណែងជាអនុរដ្ឋមន្ត្រីការពារជាតិវៀតណាមពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៦ ត្រូវបានគណបក្ស កុម្មុយនិស្ដវៀតណាមដកសេចក្ដីទុកចិត្តកាលពីខែមេសាកន្លងទៅ៕