(ម៉ានីល)៖ អាជ្ញាធរសុខាភិបាលហ្វីលីពីននៅថ្ងៃសុក្រនេះ បានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ១៦៣ករណីបន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះបានកើនដល់ ១៣,៥៩៧ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០។
នៅក្នុងរយៈពេលដូចគ្នានេះ ក្រសួងសុខាភិបាលហ្វីលីពីនក៏បានរាយការណ៍ ពីអ្នកសះស្បើយឡើងវិញបន្ថែមចំនួន ៩២នាក់ផងដែរ ដែលធ្វើឲ្យចំនួនសរុប នៃអ្នកជាសះស្បើយនៅទូទាំងប្រទេសកើនដល់ ៣,០៩២នាក់។ ចំណែកឯករណីអ្នកស្លាប់វិញកើនដល់ ៨៥៧នាក់ បន្ទាប់ពីបានបូកបន្ថែមចំនួន ១១នាក់ទៀតកាលពីម្សិលមិញនេះ។
ក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីទាំង ១៦៣ករណីខាងលើ មាន ៩១ករណីត្រូវបានរាយការណ៍ចេញពីរដ្ឋធានីម៉ានីល, ៥៦ករណីនៅតំបន់ វីសាយ៉ាស (Central Visayas) ស្ថិតភាគកណ្តាលនៃប្រទេសហ្វីលីពីន និង ១០ករណីទៀតត្រូវបានរាយការណ៍ពីផ្នែកផ្សេងទៀតនៃផ្ទៃប្រទេស៕