(ប៉េកាំង)៖ ការសិក្សាដែលទើបចេញផ្សាយដោយទស្សនាវដ្តីវេជ្ជសាស្រ្តដ៏ល្បី The Lancet បានបង្ហាញថា ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ប្រទេសចិន ជាបឋមត្រូវបានរកឃើញថា មានសុវត្ថិភាព និងអាចបង្កើតឲ្យមានអង់ទីករប្រឆាំង COVID-19 នៅក្នុងខ្លួនមនុស្សបាន។ នេះបើតាមការចេញសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០។
ការរកឃើញខាងលើនេះគឺជាលទ្ធផលប្រកបដោយក្តីសង្ឃឹម ដើម្បីបន្តឆ្ពោះទៅរកការសម្រេចបានជាផ្លូវការនូវវ៉ាក់សាំងប្រឆាំង COVID-19 ដែលមានប្រសិទ្ធភាពក៏ដូចជាសុវត្ថិភាពមួយរយភាគរយ។ កន្លងទៅក្នុងសប្តាហ៍នេះ ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna ក៏បានប្រកាសពីដំណឹងល្អដែរគឺ លទ្ធផលបឋមនៃការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ពួកគេ ទទួលបានលទ្ធផល វិជ្ជមាន។
គួរជម្រាបថា បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្រ្តនៅតាមប្រទេសជុំវិញពិភពលោក កំពុងប្រឹងប្រែងជាខ្លាំងក្នុងការស្រាវជ្រាវនិងធ្វើតេស្ត វ៉ាក់សាំងសម្រាប់ប្រឆាំង COVID-19 ដែលបានសម្លាប់មនុស្សអស់ជាង៣៣ម៉ឺននាក់ហើយ នៅលើផែនដី៕