(តូក្យូ)៖ នាថ្ងៃចន្ទនេះ ប្រទេសជប៉ុនបានដក «ភាពអាសន្ន COVID-19» ចេញពីខេត្តចំនួន០៥ចុងក្រោយ បន្ទាប់ពីមើលឃើញថាស្ថានការណ៍​ឆ្លងរាលដាល​នៅតាមតំបន់នោះ ស្ថិតក្រោមការគ្រប់គ្រងបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០។

ខេត្តទាំង០៥ចុងក្រោយរួមមាន តំបន់ទីក្រុងតូក្យូ ខេត្តហុងកៃដូ ខេត្តសៃតាម៉ា ខេត្តឈីបា និងខេត្តកាណាហ្គាវ៉ា ដែលប្រការនេះធ្វើឲ្យជប៉ុន​លែងមានខេត្តដែលនៅជាប់ «ភាពអាសន្ន COVID-19» ទៀតហើយ។ ជប៉ុនបានចាប់ផ្តើមប្រកាសភាពអាសន្នសម្រាប់ការរាតត្បាតនៃជំងឺ COVID-19 កាលពីថ្ងៃទី០៧ ខែមេសា។ ពេលមកដល់ ថ្ងៃទី១៤ ខែឧសភា ជប៉ុនក៏បានប្រកាសលុបចោលភាពអាសន្នវិញសម្រាប់ខេត្តចំនួន៣៩។ ក្រោយមក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ភាពអាសន្ន​ត្រូវ​បានលុបចោលសម្រាប់ខេត្តចំនួន០៣ថែមទៀត រួមមាន អូសាកា ហ៉ីយ៉ូហ្គោ និងក្យូតូ។

គួរជម្រាបថា ពីដំបូងឡើយភាពអាសន្ន COVID-19 ក្នុងប្រទេសជប៉ុន គឺត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឯណោះទេ ប៉ុន្តែការលុបចោល​ទៅវិញមុនកាលកំណត់បែប​នេះ គឺដោយសារតែស្ថានការណ៍មានភាពប្រសើរឡើង។ ការសម្រេចលុបចោលភាពអាសន្ននៅតំបន់ចំនួន​០៥ចុងក្រោយខាងលើ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បានជួបពិភាក្សាជាមួយក្រុមមន្រ្តីនិងក្រុមអ្នកជំនាញ ដើម្បី​ជជែកក៏ដូចជាវាយតម្លៃលើស្ថានការណ៍ COVID-19 នៅក្នុងប្រទេសលោក។

មកទល់ពេលនេះ ជប៉ុនបានរកឃើញអ្នកឆ្លងជំងឺ COVID-19 សរុប១៦,៥៥០នាក់ ក្នុងនោះស្លាប់៨២០នាក់ ខណៈ១៣,៤១៣នាក់ ត្រូវបាន​ព្យាបាលឲ្យជាសះស្បើយឡើងវិញ៕