(បាងកក)៖ អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ថៃម្នាក់ បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសថៃបានចាប់ផ្ដើមដឹកនាំការធ្វើតេស្ដវ៉ាក់សាំង COVID-19 លើសត្វស្វាហើយ ខណៈ ប្រទេសអាស៊ានមួយនេះ ឈានជើងចូលក្នុងការប្រកួតប្រជែងផលិតវ៉ាក់សាំងមានតម្លៃថោក ជាងបណ្ដាប្រទេសដទៃ ដែលខ្លួនរំពឹងថាអាចនឹងរួចរាល់នៅឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០។
លោកស្រីវេជ្ជបណ្ឌិត Suchinda Malaivitjitnond ជានាយកមជ្ឈមណ្ឌលស្រាវជ្រាវសត្វព្រៃនៃប្រទេសថៃ ធ្វើការកត់សម្គាល់ខាងលើ បន្ទាប់ពីលោកស្រី បានត្រួតពិនិត្យដោយផ្ទាល់ ការចាក់បញ្ចូលវ៉ាក់សាំងធ្វើតេស្ដលើក្រុមសត្វស្វា ១៣ក្បាលដំបូងកាលពីថ្ងៃសៅរ៍ កន្លងទៅ។ លោកស្រី បន្ថែមជាមួយការរំពឹងថា វ៉ាសាំង COVID-19 ផលិតនៅក្នុងប្រទេសថៃ ឬ Made in Thailand អាចនឹងមានតម្លៃថោកជាងវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក ឬក៏បណ្ដាប្រទេសអ៉ឺរ៉ុប។
គួរជម្រាបថា ការធ្វើតេស្ដវ៉ាក់សាំង COVID-19 លើខ្លួនសត្វស្វា នៅក្នុងប្រទេសថៃ ធ្វើឡើងបន្ទាប់ពីការធ្វើតេស្ដលើខ្លួនសត្វកណ្ដុរទទួលបានជោគជ័យ និងដែលបាន ផ្ដល់ក្ដីសង្ឃឹមដល់អ្នកវិទ្យាសាស្ត្រថៃថាខ្លួនអាចនឹងផលិតបានវ៉ាក់សាំងនៅឆ្នាំ២០២១។ បច្ចុប្បន្ន ថៃមានអ្នកឆ្លង COVID-19 ៣,០៤២នាក់ ក្នុងនោះស្លាប់ ៥៧នាក់ ចាប់តាំងពីជំងឺឆ្លងរាតត្បាតនេះផ្ទុះឡើងកាលពីខែមករា ឆ្នាំ២០២០ ក្នុងប្រទេសអាស៊ានមួយនេះ។ ចំណែកឯ អ្នកជំងឺប្រមាណ ៩៦ភាគរយ ឬស្មើនឹង ២,៩២៨នាក់បានជាសះស្បើយឡើង៕