(អាមេរិក)៖ ក្រុមហ៊ុនឈ្មោះថា Virgin Orbit ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ទើបតែបានឲ្យដឹងថា ការធ្វើតេស្តជាលើកដំបូងនៃការ​បាញ់គ្រាប់រ៉ុក្កែតចេញពីយន្តហោះធុនធំមួយគ្រឿង ដែលស្ថិតនៅរយៈកម្ពស់ជាង១០គីឡូម៉ែត្រ ដើម្បីនាំយកផ្កាយរណបឡើងឆ្ពោះទៅកាន់​ទីអវកាសនោះ បានទទួលបរាជ័យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០។

ក្រុមហ៊ុន Virgin Orbit បានបញ្ជាក់ក្នុងសារ Twitter ថា ក្នុងការធ្វើតេស្តខាងលើ គ្រាប់រ៉ុក្កែតបានផ្តាច់ខ្លួនចេញពីយន្តហោះដោយរលូន ប៉ុន្តែ​នៅ​ពេលវាបញ្ឆេះម៉ាស៊ីនហោះទៅមុខបានតែបន្តិច ក៏មានបញ្ហាកើតឡើង ហើយមិនបានឡើងទៅដល់ទីអវកាស តាមការរំពឹងទុកឡើយ។ យ៉ាងណាមិញ ក្រុមហ៊ុន Virgin Orbit បានបន្តថា យន្តហោះរបស់ខ្លួន និងក្រុមការងារ បានវិលត្រឡបចុះមក​ដល់ដីវិញដោយសុវត្ថិភាព។

ក្រុមហ៊ុន Virgin Orbit ត្រូវបានបង្កើតឡើងដោយមហាសេដ្ឋីជនជាតិអង់គ្លេសឈ្មោះ Richard Branson កាលពីឆ្នាំ២០១២។ ក្រុមហ៊ុននេះ មានគោលបំណងផ្តល់សេវាកម្មមួយ ដែលមានលក្ខណៈរហ័ស និងភាពបន់បែនខ្ពស់ សម្រាប់ប្រតិបត្តិករផ្កាយរណបធុនតូច ដែលមាន​​ទម្ងន់ចន្លោះ៣០០-៥០០គីឡូក្រាម ខណៈទីផ្សារនេះកំពុងតែរីកដុះដាលខ្លាំងឡើង។

តាមរយៈរបៀបបាញ់បង្ហោះគ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុន Virgin Orbit គឺ រ៉ុក្កែតឈ្មោះថា LauncherOne ដែលមានប្រវែង២១ម៉ែត្រ មិនប្រើ​ជើងទម្របញ្ឈរ ដែលជាមធ្យោបាយទូទៅដើម្បីហោះឡើងឡើយ ដោយវាត្រូវបំពាក់នៅជាប់នឹងស្លាបរបស់យន្តហោះធុនធំមួយគ្រឿង គឺ ​Boeing 747 ដែលត្រូវបានកែច្នៃនិងមានឈ្មោះថា Cosmic Girl។ នៅពេលឡើងដល់រយៈកម្ពស់ដែលត្រូវបានកំណត់ យន្តហោះនោះនឹង​​​​​ផ្តាច់រ៉ុក្កែត LauncherOne ចេញ ដើម្បីឲ្យវាបញ្ឆេះម៉ាស៊ីនហោះឡើងឆ្ពោះទៅកាន់គន្លងអវកាសដោយខ្លួនឯង រួចដាក់ផ្កាយរណបនៅទីនោះ​៕