(ហុងកុង)៖ ស្ដេចល្បែងម៉ាកាវ និងជាមហាសេដ្ឋីម្នាក់នៅក្នុងតំបន់អាស៊ី លោក ស្ទែនលី ហូ (Stanley Ho) បានទទួលមរណភាពហើយនៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០នេះក្នុងវ័យ ៩៨ឆ្នាំ។ នេះបើតាមទូរទស្សន៍រដ្ឋចិន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA។
លោក Stanley Ho មានរហស្សនាមថា ឬបិតាកំពូលល្បែងនៅកាស៊ីណូម៉ាកាវ «god father of Macau casinos» ជាមហាសេដ្ឋីម្នាក់ដែលបានកែប្រែក្លាយទីក្រុងម៉ាកាវ ឱ្យរកបា្រក់ចំណូលពីល្បែងស៊ីសងច្រើនជាងទីក្រុង ឡាវីហ្គាស (Las Vegas) របស់សហរដ្ឋអាមេរិកទៅទៀត។ លោក Stanley Ho មានស្រុកកំណើតនៅទីក្រុងហុងកុង និងមានប្រពន្ធ ០៤នាក់ ព្រមទាំងកូន ១៧នាក់។
នៅឆ្នាំ២០១៧ លោក Ho បានលាលែងពីតំណែងជាប្រធានក្រុមហ៊ុនសម្ព័ន្ធ សាន់ថាក (Shun Tak Holdings) ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងនៃកូនស្រីរបស់ លោកឈ្មោះ ផែនស៊ី ហូ (Pansy Ho)។ រហូតដល់ឆ្នាំ២០១៨ ទើបលោកដើរចេញពីក្រុមហ៊ុនអាណាចក្រកាស៊ីណូ SJM Holdings ហើយប្រគល់ទៅឱ្យកូនស្រីម្នាក់ទៀតឈ្មោះ ដៃស៊ី ហូ (Daisy Ho)៕