(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីបានឲ្យដឹងថា ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងធុន Mi-8 បានធ្លាក់នៅក្បែរក្រុង អាណាឌី (Anadyr) នៃតំបន់ឈូកូតកា (Chukotka) ស្ថិតនៅតំបន់ចុងបូព៌ាប្រទេសរុស្ស៉ី បណ្តាលឲ្យអ្នកដែលជិះលើនោះទាំងអស់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០។
ហេតុការណ៍ខាងលើបានកើតឡើង នៅពេលដែលឧទ្ធម្ភាគចក្រនោះមានដឹកមនុស្សសរុប ០៤នាក់កំពុងតែធ្វើការហ្វឹកហ្វឺនជំនាញហោះហើរ ហើយនៅពេលធ្លាក់មកដល់ដី វាក៏បានឆេះឡើងថែមទៀត។ ព័ត៌មានបឋមបានបង្ហាញថា បញ្ហាបច្ចេកទេសរបស់ឧទ្ធម្ភាគចក្រផ្ទាល់ អាចជាមូលហេតុនៃការធ្លាក់ ខណៈប្រអប់ខ្មៅកត់ត្រាទិន្នន័យ និងសំឡេងរបស់ឧទ្ធម្ភាគចក្រត្រូវបានរកឃើញ។
គួរបញ្ជាក់ថា នេះគឺជាលើកទីពីរហើយ ក្នុងរយៈពេលប្រមាណជាមួយសប្តាហ៍ ដែលឧទ្ធម្ភាគចក្រយោធារុស្ស៉ីធុន Mi-8 បានធ្លាក់។ កាលពីថ្ងៃអង្គារសប្តាហ៍មុន ឧទ្ធម្ភាគចក្រស៊េរីដូចគ្នានេះរបស់កងទ័ពអាកាសរុស្ស៉ី បានធ្លាក់នៅក្បែរក្រុងឃ្លីន (Klin) នៃតំបន់ទីក្រុងម៉ូស្គូ ហើយមនុស្ស ០៣នាក់ដែលជាលើនោះបាត់បង់ជីវិតទាំងអស់ ហើយមូលហេតុនៃការធ្លាក់ ក៏ត្រូវបានក្រសួងការពារជាតិរុស្ស៉ី ដាក់ការសង្ស័យលើផ្នែកបច្ចេកទេសដែរ៕