(ប៉េកាំង)៖ នៅព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលចិន បានប្រកាសរកឃើញអ្នកឆ្លង COVID-19 តែម្នាក់ប៉ុណ្ណោះ កាលពីថ្ងៃអង្គារ ដែលជាប្រភេទករណីនាំចូលនៅទីក្រុងសៀងហៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ការរកឃើញម្នាក់បន្ថែមទៀតនេះ ធ្វើឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅចិនកើនដល់ ៨២,៩៩៣ករណី ក្នុងនោះតួលេខអ្នកស្លាប់ស្ថិតនៅ ៤,៦៣៦នាក់ដដែល។ បើគិតតែទៅលើករណីនាំចូល COVID-19 វិញ គឺចិនមានសរុប ១,៧៣២ករណី ក្នុងនោះ ១,៦៨៧នាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយ និង ៤៥នាក់បន្តសម្រាកព្យាបាល។

ដោយឡែកអ្នកជាសះស្បើយ ០៣នាក់ទៀត ក៏ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យផងដែរ កាលពីថ្ងៃអង្គារម្សិលមិញនេះ នាំឲ្យចំនួនអ្នកជាសះស្បើយសរុបពី COVID-19 នៅចិនកើនដល់ ៧៨,២៨០នាក់ ខណៈអ្នកជំងឺ ៧៩នាក់ទៀតបន្តសម្រាកព្យាបាល៕