(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បានព្រមានបិទកម្មវិធីបណ្ដាញទំនាក់ទំនងសង្គមចោលតែម្ដង បន្ទាប់ពី ក្រុមហ៊ុន Twitter ចាត់ទុកសារចំនួនពីរដែលលោកបានបង្ហោះថាគ្មានភស្តុតាង និងជាព័ត៌មានបង្កការយល់ច្រឡំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០។
ការព្រមានខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងសារមួយបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម Twitter។ លោក ត្រំា បានគូសបញ្ជាក់ ដូច្នេះថា៖ «ក្រុមអ្នកសាធារណរដ្ឋ មានអារម្មណ៍ថាបណ្ដាញទំនាក់ទំនងសង្គម បានប្រងើយកន្តើយទាំងស្រុងចំពោះសំឡេងអ្នកអភិរក្សនិយម។ ដូច្នេះ
យើងអាចនឹងដាក់កំហិតយ៉ាងតឹងរឹង ឬក៏អាចបិទចោលតែម្ដង...»។
គួរជម្រាបថា ជម្លោះរវាងលោក ដូណាល់ ត្រាំ និងក្រុមហ៊ុន Twitter បានផ្ទុះឡើងកាលពីថ្ងៃអង្គារ ម្សិលមិញ ក្រោយក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម មួយនេះបានជំរុញជាលើកដំបូងបំផុត ឱ្យអ្នកអានទាំងអស់ពិនិត្យភាពពិតជាក់ស្ដែងនៃព័ត៌មាន ឬសារបង្ហោះរបស់លោក ត្រាំ បន្ទាប់ពីលោកប្រធានាធិបតី អាមេរិកនិយាយថា ការបោះឆ្នោតតាមរយៈសារអេឡិចត្រនិច ឬ E-mail អាចនឹងត្រូវបានគេបន្លំ។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីអ្នកជំនាញមួយចំនួនព្យាករថា ដោយសារតែ COVID-19 ប្រជាជនអាមេរិកខ្លះអាចនឹងមិនទៅ ចូលរួមក្នុងការបោះឆ្នោតដោយផ្ទាល់នោះទេ។ យ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ ដែលមានអ្នកតាមមើលនៅលើ Twitter ច្រើនជាង ៨០លាននាក់ បានរិះគន់យ៉ាងខ្លាំងលើក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមមួយនេះ ដោយចោទប្រកាន់នៅក្នុងសារមួយថ្មីទៀតថា Twitter កំពុងជ្រៀកជ្រែកចូល កិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០៕