(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ នៅថ្ងៃពុធនេះស្ថានការណ៍នៅទីក្រុងហុងកុង កាន់តែតានតឹងបន្ថែមទៀត ស្របពេលដែលការជជែកដេញដោលជាលើកទីពីរ ជុំវិញច្បាប់មួយទាក់ទង នឹង បទភ្លេងជាតិនៃប្រទេសចិន ត្រូវបានធ្វើឡើងនៅសភាហុងកុង ចំពោះមុខការធ្វើបាតុកម្មតវ៉ា។

 

២៖ រដ្ឋាភិបាលបារាំងនៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ នេះបានសម្រេចលុបចោលក្រឹត្យ ដែលអនុញ្ញាតឲ្យវេជ្ជបណ្ឌិតប្រើប្រាស់ថ្នាំប្រឆាំង គ្រុនចាញ់ អ៉ីដ្រុកស៊ីក្លរ៉ូឃ្វីន (hydroxychloroquine) ដើម្បីព្យាបាលអ្នកជំងឺ COVID-19 នោះហើយ បន្ទាប់ពីបានមើលឃើញផលអវិជ្ជមានធ្ងន់ធ្ងរ មួយចំនួន លើអ្នកជំងឺដែលបានប្រើប្រាស់ថ្នាំនេះ។

 

៣៖ ទិន្នន័យចុងក្រោយបំផុតនៅលើវែបសាយអន្តរជាតិ Worldometers ដែលតាមដានស្ថានការណ៍រាតត្បាត COVID-19 នៅជុំវិញពិភពលោកបានបង្ហាញថា នៅថ្ងៃពុធនេះតួលេខអ្នកជំងឺ COVID-19 នៅសហរដ្ឋអាមេរិកដែលបានបាត់បង់ជីវិត កើនលើស ១០ម៉ឺននាក់ហើយ

 

៤៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានរាយការណ៍ពីចំនួនអ្នកឆ្លង COVID-19 ថ្មីៗដែលត្រូវបានរកឃើញ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ រហូតដល់ទៅ ៤០នាក់ឯណោះ ដោយវាជាតួលេខខ្ពស់ មិនធ្លាប់ដែលបានជួបប្រទះ ៤៩ថ្ងៃមកហើយ។

 

៥៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បានព្រមានបិទកម្មវិធីបណ្ដាញទំនាក់ទំនងសង្គមចោលតែម្ដង បន្ទាប់ពីក្រុមហ៊ុន Twitter ចាត់ទុកសារចំនួនពីរដែលលោកបានបង្ហោះថាគ្មានភស្តុតាង និងជាព័ត៌មានបង្កការយល់ច្រឡំ។

 

៦៖ ក្នុងរបាយការណ៍ប្រចាំថ្ងៃពុធនេះ សិង្ហបុរីបានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៥៣៣នាក់ថែមទៀតធ្វើឲ្យតួលេខអ្នកឆ្លង សរុបកើនដល់ ៣២,៨៧៦នាក់ និងបន្តឈរនៅលេខ១ប្រចាំតំបន់អាស៊ានដដែល៕