(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen នាថ្ងៃពុធនេះ បានសន្យារៀបចំគម្រោងផ្តល់ជំនួយមនុស្សធម៌ ដល់ប្រជាជនហុងកុង ទាំងឡាយ ដែលបានចូលរួមពាក់ព័ន្ធក្នុងការធ្វើបាតុកម្ម ដើម្បីលទ្ធិប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០។
ការសន្យាគាំទ្រនេះធ្វើឡើង ក្រោយភាពវឹកវរហាក់ចាប់ផ្តើមសាជាថ្មីនៅទីក្រុងហុងកុង បន្ទាប់ពីរដ្ឋាភិបាលចិនបានស្នើឲ្យមានច្បាប់ស្តីពីសន្តិសុខជាតិថ្មីមួយ សម្រាប់តំបន់ស្វយ័តពិសេសនេះ។ សកម្មភាពតវ៉ានៅទីក្រុងហុងកុង ដែលបានផ្ទុះឡើងកាលពីពាក់កណ្តាលឆ្នាំមុន គឺបានស្ងប់ស្ងាត់ជាច្រើនខែមកហើយ ក្រោយកើតមានវិបត្តិជំងឺរាតត្បាតជាសកល COVID-19។
យ៉ាងណាមិញ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង បានស្នើច្បាប់ខាងលើ កាលពីសប្តាហ៍មុន ការធ្វើបាតុកម្មក៏បានចាប់ផ្តើមលេចឡើងជាថ្មី ហើយសហរដ្ឋអាមេរិក ក៏បានចេញមុខព្រមានចិនចំពោះទង្វើនេះដែរ ក្រោមហេតុផលថាវានឹងប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ហុងកុង។ តាំងតែពីបាតុកម្មកាលពីឆ្នាំមុន ក្រុមអ្នកតវ៉ានៅហុងកុងទទួលបានការគាំទ្រយ៉ាងទូលំទូលាយ ពីសំណាក់កោះតៃវ៉ាន់។
នាថ្ងៃពុធនេះ លោកស្រី Tsai បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងតៃប៉ិថា «យើងនឹងស្នើឡើងនូវផែនការសកម្មភាពមួយ សំដៅផ្តល់ជំនួយមនុស្សធម៌ដល់ មិត្តរបស់យើងនៅហុងកុង។ ពួកយើងនឹងបន្តគាំទ្រការប្តេជ្ញាដ៏មុតមាំរបស់ប្រជាពលរដ្ឋហុងកុង ដើម្បីឆ្ពោះទៅ រកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព»។
គួរជម្រាបថា រដ្ឋាភិបាលទីក្រុងប៉េកាំង មិនទាន់បញ្ចេញប្រតិកម្មអ្វីជុំវិញពាក្យសម្តីខាងលើរបស់លោកស្រី Tsai នៅឡើយទេ តែលោកស្រីផ្ទាល់ បានអះអាងថា ច្បាប់សន្តិសុខជាតិថ្មី នឹងមិនធ្វើឱ្យប៉ះពាល់ដល់សេរីភាព និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងទីក្រុងហុងកុងឡើយ៕