(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃពុធម្សិលមិញនេះ ប្រទេសចិនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០២ករណីបន្ថែមទៀត ដែលសុទ្ធតែជាប្រភេទនាំចូលពីក្រៅប្រទេស។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
បើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលចិនបានឲ្យដឹងថា ក្នុងចំណោម ០២ករណីឆ្លងថ្មីខាងលើនេះមាន ០១ករណីត្រូវគេបានរាយការណ៍ ចេញពីទីក្រុងសៀងហៃ (Shanghai) និង ០១ករណីទៀតត្រូវបានរកឃើញនៅ ខេត្តហ្វូជាន (Fujian)។ ជាសរុបករណីនាំចូល COVID-19 ពីក្រៅប្រទេស នៅទូទាំងប្រទេសចិនបានកើនដល់ ១,៧៣៤ករណី ដោយក្នុងនោះអ្នកជំងឺចំនួន ១,៦៨៨នាក់បានជាសះស្បើយឡើងវិញ និង១៤នាក់ទៀត កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលនៅឡើយ។
ដោយឡែកសម្រាប់រយៈពេលដូចគ្នានេះ អាជ្ញាធរសុខាភិបាលចិន ក៏បានរកឃើញអ្នកជាសះស្បើយឡើងវិញពីជំងឺ COVID-19 ចំនួន ០៨នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុប នៅទូទាំងប្រទេសចិនកើនដល់ ៧៨,២៨៨នាក់។
គួរជម្រាបថា បើបូកបញ្ចូលទាំងករណីឆ្លងថ្មីៗទាំង ០២ករណី ដែលបានរាយការណ៍នៅថ្ងៃនេះ វាធ្វើឲ្យចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងប្រទេសចិនកើនដល់ ៨២,៩៩៥ករណី ខណៈតួលេខនៃអ្នកស្លាប់គឺនៅរក្សាបានត្រឹម ៤,៦៣៤នាក់ដដែល ពោលគឺគ្មានករណីស្លាប់ឡើយសូម្បីតែម្នាក់៕