(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌានាព្រឹកថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា អ្នកឆ្លង COVID-19 ចំនួន៦,៥៦៦នាក់ថ្មី ត្រូវបានរក ឃើញ ហើយអ្នកជំងឺ១៩៤នាក់ថែមទៀតបានបាត់បង់ជីវិត ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលឥណ្ឌា ប្រការនេះធ្វើឲ្យចំនួនករណីឆ្លងសរុបនៃ COVID-19 នៅទូទាំងប្រទេសឥណ្ឌា កើនដល់១៥៨,៣៣៣នាក់ ក្នុងនោះស្លាប់៤,៥៣១នាក់។ ជាមួយគ្នានេះ អ្នកជំងឺសរុប៦៧,៦៩២នាក់ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយទទួលការព្យាបាលបានជាសះស្បើយឡើងវិញ ខណៈ៨៦,១១០នាក់ កំពុងបន្តសម្រាកព្យាបាល។
គួរជម្រាបថា ថ្ងៃព្រហស្បតិ៍នេះ គឺជាថ្ងៃទី៦៥ហើយនៃការអនុវត្តវិធានការបិទប្រទេស ដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាលឥណ្ឌា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺ COVID-19។ វិធានការនេះ ត្រូវបានប្រកាសកាលពីថ្ងៃទី២៥ ខែមីនា ហើយត្រូវបានពន្យារជាលើក ទី៣ កាលពីថ្ងៃទី១៧ ខែឧសភា ឲ្យទៅដល់ថ្ងៃទី៣១ ខែឧសភានេះ៕