(ដាកា)៖ មនុស្ស ០៥នាក់បានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះអគ្គីភ័យបានឆាបឆេះ អាគារមួយខ្នងសម្រាប់ដាក់អ្នកជំងឺ COVID-19 របស់មន្ទីរពេទ្យដ៏ធំមួយនៅប្រទេសបង់ក្លាដែស កាលពីថ្ងៃពុធម្សិលមិញនេះ។ នេះបើតាមន្ត្រីប៉ូលីសក្នុងតំបន់កើតហេតុ ដកស្រង់សម្តីយកមកផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០។
តាមការបញ្ជាក់របស់មន្ត្រីប៉ូលីស បានឲ្យដឹងថា អគ្គីភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៩៖៤៨នាទីយប់ ថ្ងៃពុធម្សិលមិញនេះ នៅក្នុងសង្កាត់ហ្គូហាន់សាន នៃរដ្ឋធានីដាការបស់ប្រទេសបង់ក្លាដែស។ អគ្គីភ័យបានឆាបឆេះអាគារមួយខ្នងដែលទើបតែសាងសង់នៅ នៅមន្ទីពេទ្យខាងលើ សម្រាប់ដាក់អ្នកជំងឺ COVID-19 ខណៈដែលបង់ក្លាដែស កំពុងប្រឈមនឹងការកើនឡើងនៃករណីឆ្លង COVID-19 យ៉ាងគំហុកក្នុងរយៈពេលចុងក្រោយនេះ។
ភ្នាក់ងារពន្លត់អគ្គីភ័យបង់ក្លាដែសលោក Kamrul Hasan បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា «គ្រោះអគ្គីភ័យត្រូវគ្រប់គ្រងបានវិញក្នុងរយៈពេលខ្ទង់ម៉ោង។ មនុស្ស០៥នាក់បានបាត់បង់ជីវិតដោយសារឈ្លក់ផ្សែងភ្លើង»។ លោកបន្ថែមថា «ក្នុងចំណោមជនរងគ្រោះ មាន០៣នាក់ជាអ្នកជំងឺ COVID-19 និង០២នាក់ទៀតជាអ្នកដែលត្រូវបានគេតេស្តឃើញអវិជ្ជមាន»។
គួរជម្រាបថា កើតហេតុការណ៍ខាងលើ វាកើតឡើងចំពេលដែលប្រទេសមួយនេះ កំពុងរងគ្រោះកាន់តែធ្ងន់ធ្ងរឡើងដោយសារជំងឺ COVID-19 នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ជាមួយនឹងករណីស្លាប់បានកើនឡើងដល់ ៥៤៤ នាក់ ក្នុងចំណោមអ្នកជំងឺជិត ៤០,០០០ នាក់៕