(ញូដេលី)៖ តួលេខករណីឆ្លងប្រចាំថ្ងៃនៃជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌា សម្រាប់រយៈពេល ២៤ម៉ោងកន្លងទៅនេះបានហក់ឡើងខ្ពស់បំផុតពុំធ្លាប់មាន ដោយនៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ នេះតែម្តង អាជ្ញាធរសុខាភិបាលនៃប្រទេសអាស៊ីខាងត្បូងមួយនេះបានអះអាងថា មានរហូតដល់ ៧,៤៦៦ករណីឆ្លងថ្មី និងស្លាប់ ១៧៥នាក់តែក្នុងរយៈពេល ០១ថ្ងៃប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
នេះជាតួលេខខ្ពស់បំផុតនៃករណីឆ្លង COVID-19 នៅក្នុងប្រទេសរហូតមកទល់នឹងពេលនេះ។ បូកបញ្ចូលទិន្នន័យបន្ថែមខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅឥណ្ឌាកើនដល់ ១៦៥,៧៩៩ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៤,៧០៦នាក់។ អាជ្ញាធរសុខាភិបាលឥណ្ឌាក៏បានបញ្ជាក់នៅព្រឹកថ្ងៃសុក្រនេះផងដែរថា ចំនួនអ្នកជាសះស្បើយសរុបពីជំងឺ COVID-19 បានកើនឡើងដល់ ៧១,១០៦នាក់ ខណៈអ្នកជំងឺចំនួន ៨៩,៩៨៧នាក់កំពុងស្ថិតក្នុងការព្យាបាលនៅឡើយ។
គួរបញ្ជាក់ថា នៅថ្ងៃសុក្រ ទី២៩ ខែឧសភានេះ គឺជាថ្ងៃទី ៦៦ហើយ ដែលប្រទេសឥណ្ឌាអនុវត្តវិធានការបិទប្រទេស ដើម្បីប្រយុទ្ធនឹងជំងឺ COVID-19។ វិធានការបិទប្រទេស ដែលបានប្រកាសកាលពីថ្ងៃទី២៥ ខែមីនា ត្រូវបានលើកពេលបីដងរួចមកហើយ។ ពោលលើកចុងក្រោយនេះ នឹងត្រូវអូសបន្លាយរហូតដល់ថ្ងៃទី៣១ ខែឧសភាខាងមុខនេះ៕