(ញូយ៉ក)៖ មនុស្សប្រមាណ ៤០នាក់ត្រូវបានឃាត់ខ្លួននៅក្នុងទីក្រុងញូយ៉ក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) កំឡុងបាតុកម្មតវ៉ាដ៏កក្រើកមួយ ដើម្បីទាមទាររកយុត្តិធម៌ ឱ្យបុរសស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ (George Floyd) ដែលបានបាត់បង់ជីវិតនៅក្នុងទីក្រុង មីននាផូលីស (Minneapolis) នៃរដ្ឋមីនណេសូតា (Minnesota)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០។
មនុស្សច្រើនជាង ១០០នាក់បានប្រមូលផ្ដុំគ្នានៅក្នុងសង្កាត់ មែនហាត់ថាន់ (Manhattan) ដើម្បីសម្ដែងការខឹងសម្បាររបស់ពួកគេ ក៏ដូចជាទាមទារយុត្តិធម៌ឱ្យលោក George Floyd ដែលបានស្លាប់កំឡុងត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ Floydត្រូវបានប៉ូលិសស្បែកសម្នាក់ក្នុងទីក្រុង Minneapolis យកជង្គង់សង្កត់ករហូតដល់ស្លាប់ បើទោះជារូបគេបានសុំអង្វរ និងស្រែកប្រាប់ថា មិនអាចដកដង្ហើមបានយ៉ាងណាក៏ដោយ។ ក្រុមបាតុករក៏បានស្រែកពាក្យស្លោក «ខ្ញុំមិនអាចដកដង្ហើម» នៅក្នុងបាតុកម្មតវ៉ារបស់ពួកគេផងដែរ។ ប៉ុន្តែបាតុកម្មតវ៉ាបានប្រែទៅជាអំពើហិង្សារវាងប៉ូលិស និងក្រុមបាតុករ ហើយជាលទ្ធផលមនុស្ស ៤០នាក់ត្រូវបានចាប់ខ្លួន។
គួរបញ្ជាក់ថា បាតុកម្មតវ៉ាប្រឆាំងនឹងអំពើហិង្សាប្រព្រឹត្តឡើងដោយប៉ូលិសស្បែកស លើពលរដ្ឋអាមេរិកស្បែកខ្មៅ បានផ្ទុះឡើងដូចគ្នានៅតាមទីក្រុងជាច្រើនទៀតនៃសហរដ្ឋអាមេរិក ដូចជាទីក្រុង ឡូសអាន់ជែលែស (Los Angeles), មែមភីស (Memphis) និងជាពិសេសនៅទីក្រុង Minneapoli នៃរដ្ឋ Minnesota ជាទីដែលអភិបាលរដ្ឋលោក ធីម វ៉លស៍ (Tim Walz) ប្រកាសដាក់រដ្ឋមួយក្នុងភាពអាសន្នកាលពីថ្ងៃព្រហស្បតិ៍៕