(ញូដេលី)៖ រដ្ឋាភិបាលទីក្រុងញូដេលីបានឱ្យដឹងថា ពុំមានឡើយកិច្ចសន្ទនារវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី (Narendra Modi) ជុំវិញបញ្ហាជម្លោះព្រំដែនឥណ្ឌា-ចិន បន្ទាប់ពីរូបនេះលោក ត្រាំ ផ្ទាល់អះអាងថា រូបលោកបានពិភាក្សាបញ្ហានេះជាមួយលោក ម៉ូឌី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០។
សារព័ត៌មាន Sputnik បានធ្វើសេចក្ដីរាយការណ៍ដូចខាងលើ ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីក្នុងជួររដ្ឋាភិបាលឥណ្ឌា ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ប្រភពដដែលបានបញ្ជាក់យ៉ាងដូច្នេះថា «ជាការពិតណាស់! គ្មានឡើយកិច្ចសន្ទនានាពេលថ្មីៗនេះ រវាងលោកនាយករដ្ឋមន្ត្រី ម៉ូឌី និងលោកប្រធានាធិបតី ត្រាំ ហើយកិច្ចសន្ទនាចុងក្រោយបំផុតរបស់មេដឹកនាំទាំង ២ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ អ៉ីដ្រុកស៊ីក្លរ៉ូឃ្វីន (hydroxychloroquine) ប៉ុណ្ណោះ»។
គួរជម្រាបថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបាននិយាយថា រូបលោកយល់ព្រមធ្វើជាអាជ្ញាកណ្ដាលផ្សះផ្សាជម្លោះរវាងចិន និងឥណ្ឌា ហើយថាលោកក៏បានពិភាក្សាពីរឿងនេះជាមួយលោក ម៉ូឌី ផងដែរ។ ប៉ុន្តែខាងភាគីឥណ្ឌាវិញ បានចេញមុខច្រានចោលការប៉ុនប៉ងលូកដៃរបស់លោក ត្រាំ ចូលក្នុងជម្លោះព្រំដែនជាមួយចិន ដោយសង្កត់ធ្ងន់ថា ទីក្រុងញូដេលីអាចនឹងដោះស្រាយបញ្ហាជាមួយទីក្រុងប៉េកាំង ដោយសន្តិវិធីលើសំណុំរឿងជម្លោះព្រំដែននៃតំបន់ ស៊ីកគីម (Sikkim) និងតំបន់ ឡាដាក (Ladakh)៕