(បាងកក)៖ រដ្ឋាភិបាលថៃនាថ្ងៃសុក្រនេះបានប្រកាសថា ចាប់ពីដើមសប្តាហ៍ក្រោយទៅ រយៈពេលនៃបំរាមគោចរនឹងត្រូវកាត់បន្ថយថែមទៀត ហើយអាជីវកម្មមួយចំនួនទៀត ក៏នឹងត្រូវអនុញ្ញាតឲ្យបើកដំណើរការឡើងវិញដែរ ប៉ុន្តែត្រូវអនុវត្តវិធានបង្ការការឆ្លង COVID-19 ជាប់ជានិច្ច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០។
លោក សុមសាក់ រូងស៊ីថា (Somsak Roongsita) អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ រោងភាពយន្តនឹងអាចបើកទ្វារឡើងវិញបាន ប៉ុន្តែមិនត្រូវមានមនុស្សលើសពី ២០០នាក់ក្នុងមួយពេលៗឡើយ ហើយចាំបាច់ត្រូវអនុវត្តវិធានការ រក្សាគម្លាតសុវត្ថិភាពឲ្យបានតឹងរ៉ឹង។
ក្រៅពីនេះ សួនសត្វ ហាងកែសម្ផស្ស កន្លែងស៉្ពា និងកន្លែងម៉ាស្សាបែបប្រពៃណីថៃ ក៏នឹងអនុញ្ញាតឲ្យដំណើរការឡើងវិញដូចគ្នា ប៉ុន្តែត្រូវមានការសម្អាតសម្លាប់មេរោគជាញឹកញាប់ និងការរក្សាគម្លាតសុវត្ថិភាព។ តារាងបាល់ទាល់ បាល់ទះ និងបាល់បោះក៏នឹងបើកឡើងវិញដែរ ប៉ុន្តែសម្រាប់គោលដៅហ្វឹកហាត់ប៉ុណ្ណោះ ដោយអ្នកទស្សនាមានចំនួនកំណត់។ រីឯក្លឹបហាត់ប្រាណ ដែលនឹងទទួលការអនុញ្ញាតឲ្យធ្វើ អាជីវកម្មឡើងវិញដែរនោះ គឺត្រូវដាក់កំហិតលើចំនួនអ្នកចូលហាត់មួយពេលៗ។
ចំណែកបំរាមគោចរក៏នឹងត្រូវបន្ថយរយៈពេលថែមទៀតដែរ គឺមកនៅត្រឹមពីម៉ោង ១១៖០០នាទីយប់ដល់ម៉ោង ៣៖០០នាទីទាបភ្លឺ ហើយផ្សារទំនើបដែលត្រូវបានអនុញ្ញាត ឲ្យបើកដំណើរការឡើងវិញនាពេលកន្លងទៅក្នុងខែនេះ ក៏នឹងអាចធ្វើប្រតិបត្តិការបានយូរជាងមុនផងដែរ។
កន្លងមករដ្ឋាភិបាលថៃបាននិយាយថា ខ្លួនគ្រោងនឹងបើកទ្វារអាជីវកម្មឡើងវិញឲ្យបានទាំងអស់ នៅក្នុងខែមិថុនាខាងមុខនេះ។ បច្ចុប្បន្នចំនួនករណីឆ្លង COVID-19 ដែលត្រូវបានរកឃើញនៅក្នុងប្រទេសថៃមាន ៣,០៧៦ករណីក្នុងនោះស្លាប់ ៥៧នាក់ និងជាសះស្បើយឡើងវិញ ២,៩៤៥នាក់ ខណៈអត្រាអ្នកឆ្លងប្រចាំថ្ងៃ បានថយមកនៅកម្រិតទាប៕