(សេអ៊ូល)៖ កូរ៉េខាងត្បូងនឹងជំរុញឱ្យមានការនាំចូលជាពិសេសនូវថ្នាំ រ៉េមដេស៊ីវា (remdesivir) ដើម្បីព្យាបាលអ្នកជំងឺ COVID-19 ខណៈករណីឆ្លងក្នុងប្រទេសនេះ កំពុងកើនឡើងវិញជាលំដាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០។
ចំពោះមុខក្រុមអ្នកសារព័ត៌មាន នាយកមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង (KCDC) លោកស្រី ជុង អ៊ុនគ្យុង (Jeong Eun-kyeong) បានបញ្ជាក់ថា ការសម្រេចចិត្តនាំចូលថ្នាំ remdesivir ធ្វើឡើងក្រោយក្រុមប្រឹក្សានៃមជ្ឈមណ្ឌលរបស់លោកស្រី និងអ្នកជំនាញផ្នែកជំងឺឆ្លងក្នុងតំបន់ បានត្រួតពិនិត្យពីសុវត្ថិភាព និងប្រសិទ្ធភាពនៃថ្នំាប្រឆំាងវីរុសមួយនេះ។ លោកស្រី ជុង បានបន្ថែមថា ក្រុមប្រឹក្សាត្រួតពិនិត្យក៏បានឯកភាពគ្នាផងដែរថា គ្មានថ្នាំប្រឆាំងវីរុសណាផ្សេងទៀតល្អជាង remdesivir ក្នុងការព្យាបាលអ្នកជំងឺ COVID-19 នាពេលបច្ចុប្បន្ននោះទេ។
គួរបញ្ជាក់ថា បើតាមលោកស្រី Jeong Eun-kyeong មជ្ឈមណ្ឌល KCDC មានផែនការស្នើឱ្យក្រសួងចំណីហារ និងសុវត្ថិភាពឱសថនាំចូលថ្នាំ remdesivir ក្នុងនាមថ្នាំព្យាបាល COVID-19 ជាបន្ទាន់។ Remdesivir ត្រូវបានអភិវឌ្ឍ និងផលិតឡើងដោយក្រមហ៊ុនឱសថអាមេរិក ជីលីដ (Gilead Sciences) ហើយត្រូវបានគេពិនិត្យមើលឃើញនៅក្នុងការធ្វើតេស្ដថា អាចព្យាបាលអ្នកជំងឺ COVID-19 មួយចំនួនឱ្យជាសះស្បើយក្នុងរយៈពេលខ្លី៕