(មីយ៉ាន់ម៉ា)៖ ការរិតបន្តឹងលើប្រតិបត្តិការ ផ្តល់សេវាកម្មជើងហោះហើរអន្តរជាតិ នៅឯអាកាសយានដ្ឋានអន្តរជាតិ Yangon ត្រូវបានពង្រីករហូតដល់ថ្ងៃទី១៥ ខែមិថុនាខាងមុខ, នេះបើយោងតាមក្រុមហ៊ុន Yangon Aerodrome Company Limited ដែលជាប្រតិបត្តិករអាកាសយានដ្ឋាន បានឲ្យដឹងនៅថ្ងៃសុក្រនេះ។

គួររំលឹកថា ក្នុងគោលបំណងដើម្បីទប់ស្កាត់ ការរីករាលដាល នៃវីរ៉ុស COVID-19 នៅក្នុងប្រទេស, អាកាសយានដ្ឋានរបស់មីយ៉ាន់ម៉ា បានផ្អាកសេវាកម្មហោះហើរអន្តរជាតិ ជាលើកដំបូង ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១៣ ខែមេសា ហើយក្រោយមក អំឡុងពេលនៃការផ្អាក បានពង្រីកបន្ថែមចំនួន៣ដង គឺពង្រីករហូតដល់ថ្ងៃទី៣០ ខែមេសា, ដល់ថ្ងៃទី១៥ ខែឧសភា និងរហូតដល់ថ្ងៃទី៣១ ខែឧសភា។

ស្របពេលជាមួយគ្នានោះ ជើងហោះហើរក្នុងស្រុក នៅតែបន្តប្រតិបត្តិការដដែល នៅឯអាកាសយានដ្ឋាន។

អាកាសយានដ្ឋានអន្តរជាតិ Yangon មានអ្នកធ្វើដំណើរឆ្លងកាត់១,៤៦លាននាក់ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ ដែលចំនួននេះ មានការធ្លាក់ចុះ១៧,១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ការធ្លាក់ចុះនេះ គឺដោយសារតែមានការរិតបន្តឹង លើការធ្វើដំណើរ នៅអំឡុងពេលនៃការរាតត្បាត ពីជំងឺ COVID-19៕