(ដាប្លីន)៖ រដ្ឋមន្ត្រីសុខាភិបាលអៀរឡង់លោក ស៊ីម៉ុន ហារីស (Simon Harris) បានហៅការត្រៀមដកខ្លួនរបស់សហរដ្ឋអាមេរិក ចេញពីអង្គការសុខភាពពិភពលោក (WHO) ថាជា «ការសម្រេចចិត្តដ៏អាក្រក់» ខណៈដែលពិភពលោកទាំងមូល រួមទាំងសហរដ្ឋអាមេរិកខ្លួនឯង កំពុងរងគ្រោះធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត COVID-19 នោះ។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០។

ការលើកឡើងរបស់រដ្ឋមន្ត្រីអៀរឡង់ខាងលើនេះ ធ្វើឡើងតាមរយៈបណ្តាញសង្គម Twitter តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងពីសេតវិមាននៅថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសមហាអំណាចមួយនេះ​កំពុងតែបញ្ចប់ទំនាក់ទំនងជាមួយនឹងអង្គការ WHO។ ចាប់តាំងពីអាមេរិករងគ្រោះកាន់តែធ្ងន់ឡើងៗ ដោយសារតែ COVID-19 ប្រទេសនេះបានងាកទៅចោទ WHO កាន់តែខ្លាំងឡើងៗផងដែរថា មិនបានធ្វើការឲ្យល្អ ចាប់តាំងពីវីរុសនេះផ្ទុះឡើងដំបូងនៅចិន។

ជុំវិញបញ្ហាខាងលើនេះ លោក Simon Harris បានសរសេរនៅលើគណនី Twitter លោកយ៉ាងដូច្នេះថា «វាជាការសម្រេចដ៏អាក្រក់... ឥឡូវនេះពិភពលោកត្រូវការជាចាំបាច់​នូវការរួបរួមគ្នាជាធ្លុង។ ចំពោះមុខជំងឺរាតត្បាតសកលបែបនេះ គឺត្រូវការឲ្យពិភពលោកធ្វើការងាររួមគ្នា។ ប្រសិនបើយើងចង់ស្វែងរកអ្វីដែលអាក្រក់នោះ វាជារឿងធម្មតាប៉ុណ្ណោះ ប៉ុន្តែវាមិនមែនអង្គការណាមួយឡើយ... វានោះគឺវីរុស (COVID-19)»