(ហុងកុង)៖ សភាពាណិជ្ជកម្មអាមេរិកនៅហុងកុង នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភានេះ បានលើកឡើងថា «វាជាថ្ងៃដ៏គួរឲ្យសោកសៅ» សម្រាប់មជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកមួយនេះ ដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចដកហូតទីក្រុងហុងកុង ចេញពីតំបន់ទទួលការអនុគ្រោះពិសេស (special treatment) របស់ខ្លួន ក្នុងគោលបំណងដើម្បីដាក់ទណ្ឌកម្មលើប្រទេសចិន។ នេះបើយោងតាមការ ចេញផ្សាយដោយសារព័ត៌មាន CNA។
លោកស្រី តារា ចូសិប (Tara Joseph) ដែលជាប្រធានសភាពាណិជ្ជកម្មអាមេរិកនៅហុងកុង បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះគឺជាពេលវេលាដ៏រំជួលចិត្តមួយ សម្រាប់ជនជាតិអាមេរិកនៅហុងកុង ហើយវានឹងត្រូវការពេលមួយរយៈ សម្រាប់ក្រុមហ៊ុន និងក្រុមគ្រួសារដើម្បីកាត់បន្ថយផលប៉ះពាល់»។ លោកស្រី តារា បានបន្តទៀតថា «ពួកយើងភាគច្រើនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយទីក្រុងនេះ និងជាមួយប្រជាជនហុងកុង។ យើងស្រឡាញ់ហុងកុង ហើយវាជាថ្ងៃដ៏គួរឲ្យសោកសៅ»។
ជាមួយគ្នានេះ លោកស្រី Tara Joseph បានសង្កត់ធ្ងន់ទៀតថា «សភាពាណិជ្ជកម្មនឹងបន្តធ្វើការជាមួយសមាជិករបស់ខ្លួន ដើម្បីរក្សាស្ថានភាពហុងកុង ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយដដែល»។
គួរជម្រាបថា រដ្ឋាភិបាលអាមេរិករបស់លោកប្រធានាធិបតីដូណាល់ ត្រាំ កាលពីថ្ងៃទី២៧ ខែឧសភាកន្លងទៅនេះ បានសម្រេចដកហូត «ឋានៈពិសេស» របស់ទីក្រុងហុងកុង ចេញពីបញ្ជីក្រោមច្បាប់របស់ខ្លួន។ ការសម្រេចនេះមានន័យថា ទីក្រុងហុងកុងលែងបន្តទទួលបានប្រព្រឹត្តកម្មពិសេស ក្រោមច្បាប់សហរដ្ឋអាមេរិកតទៅទៀតហើយ ដោយទីក្រុងមួយនេះអាចនឹងបាត់បង់សិទ្ធិពិសេស ក្នុងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដែលជាប្រទេសសេដ្ឋកិច្ចលេខ ១ លើពិភពលោក។
ការដកហូតឋានៈខាងលើ ធ្វើឡើងក្រោយសហរដ្ឋអាមេរិក បានចោទទីក្រុងប៉េកាំងថា បានជាន់ឈ្លីស្វយ័តភាព របស់ទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកមួយនេះ បន្ទាប់ទីក្រុងប៉េកាំងបោះជំហានទៅរក ការអនុម័តច្បាប់សន្តិសុខជាតិថ្មី ដើម្បីអនុវត្តលើទីក្រុងហុងកុង ដែលត្រូវបានលោករដ្ឋាភិបាល ដូណាល់ ត្រាំ មើលឃើញថា ជាការសម្លាប់សិទ្ធិសេរីភាពរបស់ហុងកុង៕